កម្ពុជា រៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ដើម្បីបង្ហាញពីសមិទ្ធផលរបស់សហគ្រិនកម្ពុជា និងការនាំទៅកាន់ទីផ្សារអន្តរជាតិ

(ភ្នំពេញ)៖ កម្ពុជាបានរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ដើម្បីបង្ហាញពីការរីកចម្រើននិងក៏ដូចជាបង្ហាញនូវសមិទ្ធផលនានារបស់សហគ្រិននៅកម្ពុជា ក៏ដូចជាជំរុញនៃការនាំទៅកាន់ទីផ្សារអន្តរជាតិ។

ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ដែលបានរៀបចំឡើងនា សណ្ឋានគារហៃយ៉ាត រីជីនស៊ីភ្នំពេញក្រោមប្រធានបទ៖ “ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីកំណើនកាន់តែប្រសើរ” ដោយក្នុងនេះបង្ហាញនូវសកម្មភាពជាច្រើន ដូចជាការតាំងពិព័រណ៍ផលិតផល ការកសាងទំនាក់ទំនងធុរកិច្ច និងកិច្ចពិភាក្សាជាដើម។

កម្មវិធីនេះក៏មានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីអ្នករៀបចំគោលនយោបាយ សហគ្រិន អ្នកដឹកនាំអាជីវកម្ម ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធមកពីទូទាំងប្រទេស ដើម្បីចែករំលែកការយល់ដឹង ផ្លាស់ប្តូរគំនិត និងស្វែងរកឱកាសសម្រាប់កិច្ចសហការ និងការរីកចម្រើន។

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ ការកំណត់នេះក៏ស្របតាមផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០១៦-២០២៥ ផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា៖សហគ្រាសធុនមីក្រូ តូច និងមធ្យមមានច្រើនលើសលុប និងជាឆ្អឺងខ្នងដ៏រឹងមាំនៃសង្គមសេដ្ឋកិច្ចជាតិ និងដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងមុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា វិស័យសហគ្រាសធុនមីក្រូ តូចនិងមធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ៦៣ភាគរយ និងផ្តល់ការងារលើសពី៧០ភាគរយ។ វិស័យនេះ បានគ្របដណ្តប់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ និងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាជន និងធុរជនគ្រប់រូប តាមរយៈការបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា៖ “យើងទទួលស្គាល់តួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងបណ្តុះនវានុវត្តន៍។ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១នេះ ជាឱកាសមួយដើម្បីបង្ហាញពីសមិទ្ធផលរបស់សហគ្រិនកម្ពុជា និងផ្តល់ជូនពួកគាត់នូវព័ត៌មាន ឧបករណ៍ និងធនធានចាំបាច់ ដើម្បីពួកគាត់អាចរីកចម្រើននៅក្នុងទីផ្សារក្នុងស្រុក តំបន់ និងពិភពលោកដែលកាន់តែមានការប្រកួតប្រជែងខ្លាំង។”

គួរបញ្ជាក់ថាបច្ចុប្បន្ន នៅលើពិភពលោក សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០% នៃមូលដ្ឋានផលិតកម្មអាជីវកម្មសរុប, ផ្តល់ការងារពី ៦០% ទៅ ៧០% និងរួមចំណែក ៥០% នៃផលិតផលក្នុងស្រុកសរុប។ នៅក្នុងតំបន់អាស៊ាន សហគ្រាសធុនមីក្រូ តូច និងមធ្យម មានចំនួនពី ៩៧,២% ទៅ ៩៩,៩% នៃអាជីវកម្មទាំងអស់ និងរួមចំណែក ៤៤,៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាសមាជិកអាស៊ាន។

យោងតាមជំរឿនឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២,៩៨០,៥៦៩ នាក់ ក្នុងនោះស្រ្តីមាន១,៨៤១,៣៦២នាក់។ វិស័យនេះរួមចំណែក ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារជាង ៧០% ដោយទាន់មិនរាប់បញ្ចូលវិស័យកសិកម្ម៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner