សម្ដេចតេជោ ហ៊ុន សែន សរសើរគោលជំហររដ្ឋាភិបាលថៃ ដែលអះអាងមិនឱ្យមាន អមិត្តណាមួយ យកទឹកដីថៃ ធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះគោលជំហររបស់រដ្ឋាភិបាលថៃ ដែលបញ្ជាក់អះអាងមិនអនុញ្ញាតឱ្យមានអមិត្តណាមួយ យកទឹកដីថៃ ធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្ដម Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេស ថៃ ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។

សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះ ឯកឧត្តម Maris SANGIAMPONGSA ដែលត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេសថៃ។ សម្ដេចតេជោ បានអរគុណ និងស្វាគមន៍ចំពោះ ឯកឧត្តម ដែលបានជ្រើសរើសកម្ពុជា ជាទីកន្លែងបំពេញទស្សនកិច្ចលើកដំបូងនាពេលនេះ។ សម្ដេចតេជោសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងពង្រឹង នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្តេចតេជោ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខដល់ ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ និងថ្នាក់ដឹកនាំថៃដទៃទៀតផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេស បញ្ជាក់ថា ប្រទេសថៃបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសសំខាន់ ដោយប្រទេសយើងទាំងពីរមានព្រំដែនជាប់គ្នា ហើយរាជរដ្ឋាភិបាលថៃ តែងតែផ្ដល់អាទិភាពខ្ពស់ក្នុងទំនាក់ទំនងជាមួយ កម្ពុជា។ ឯកឧត្តមបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ជូនចំពោះសម្ដេចតេជោផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានទទួលការណែនាំពីរាជរដ្ឋាភិបាលថៃ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ត្រូវខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីពង្រឹងពង្រីកទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរ ហើយនិងប្តេជ្ញាឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំស៊ីជម្រៅលើគ្រប់វិស័យ។

ឯកឧត្តម ក៏បានលើកឡើងពីការសម្រេចចិត្តរបស់សម្តេចធិបតី និង នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ដែលគាំទ្រអនុញ្ញាតឱ្យបើកស្ថានអគ្គកុងស៊ុលនៅខេត្តសៀមរាប និងស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លា ។ ហើយសង្ឃឹមថា នឹងជំរុញថែមទៀតនូវការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាពិសេស ការវិនិយោគផ្សេងៗ។

ឯកឧត្តមក៏បានជម្រាបជូនថា រាជរដ្ឋាភិបាលថៃ ក៏បានជំរុញឱ្យវិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការជំរុញការវិនិយោគលើវិស័យសំខាន់ៗជាច្រើន ។ រាជរដ្ឋាភិបាលថៃ មើលឃើញថា ទំហំទេសចរណ៍បរទេសចូលទៅទស្សនាប្រទេសថៃមានចំនួនច្រើន ដូច្នេះភ្ញៀវទេសចរណ៍បរទេសទាំងអស់នោះ ក៏អាចបន្តមកទស្សនាប្រទេសកម្ពុជា បានផងដែរ ដើម្បីរួមចំណែកទាំងអស់គ្នាក្នុងភាពរីកចម្រើននៃវិស័យទេសចរណ៍ ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះគោលជំហររដ្ឋាភិបាលថៃ ដែលបញ្ជាក់អះអាងមិនអនុញ្ញាតឱ្យមានអមិត្តណាមួយយកទឹកដីថៃធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា។ សម្ដេចចាត់ទុកថា នេះជាបញ្ហាសំខាន់សម្រាប់សន្តិសុខកម្ពុជាផង ថៃផង និងវៀតណាមផង។ ប្រទេសកម្ពុជា ក៏បានសន្យាជាមួយប្រទេសដទៃ មិនអនុញ្ញាតឱ្យប្រទេសឬក្រុមអមិត្តណាយកទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសផ្សេងនោះដែរ ។

សម្ដេចប្រធានព្រឹទ្ធសភា ក៏បានអរគុណដល់ប្រទេសថៃ ដែលបានបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ និង ពលករកម្ពុជា បានទៅធ្វើការក្នុងប្រទេសថៃ ដោយបានបង្កើនរយៈពេលស្នាក់មិនចាំបាច់មានទិដ្ឋាការ ពីរយៈពេល ៤០ថ្ងៃ ទៅ ៦០ថ្ងៃ។ ការបង្កភាពងាយស្រួលនេះ មិនត្រឹមតែបានអនុញ្ញាតឱ្យពលករកម្ពុជាមានចំណូលប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវជំនាញថែមទៀតផងដែរ ព្រមទាំងផ្ដល់ឱកាសឱ្យប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែស៊ីជម្រៅទាំងវិស័យវិនិយោគ និងទេសចរណ៍។ សម្តេច បន្ថែមថា ប្រទេសថៃ ជាគោលដៅមួយដែលពលរដ្ឋខ្មែរតែងតែទៅពិនិត្យសុខភាព។ សម្ដេច សង្ឃឹមថាភាពរីកចម្រើនក្នុងវិស័យវេជ្ជសាស្ត្ររបស់ថៃ អាចនឹងជួយសម្រួលដល់ប្រជាជនប្រទេសជិតខាង មានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ដែលនឹងទៅស្វែងរកសេវាសុខាភិបាលនេះ ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ឆ្នាំ២០២៥ ជាខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយសម្ដេចជំរុញឱ្យមានការរៀបចំកម្មវិធីរំលឹកខួបទំនាក់ទំនងនេះឱ្យបានច្រើនផងដែរ។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏ជំរុញឱ្យអ្នកវិនិយោគថៃមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner