សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានដាក់​ពាក្យ​បណ្តឹង​ប្តឹងលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ សង់ត្រាល់ ទៅតុលាការ

ភ្នំពេញ៖ នៅទីបំផុត សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់«សង់ត្រាល់» ទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ។ មន្ត្រីជាន់ខ្ពស់អង្គការ សង់ត្រាល់ ដែលរងការប្តឹងទៅតុលាការ គឺលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ សង់ត្រាល់។

យោងតាមពាក្យបណ្តឹងរបស់សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ដាក់ជូនព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ គឺប្តឹងលោក ឃុន ថារ៉ូ បុគ្គលិកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់«សង់ត្រាល់» ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង ដែលប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដោយលោក ឃុន ថារ៉ូ សម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ប្រើពាក្យ យកសហជីពក្លែងក្លាយឱ្យវាយប្រហារសហជីពឯករាជ្យ និងការប្រើប្រាស់យុវជន ឬសង្គមស៊ីវិលក្លែងក្លាយឱ្យវាយប្រហារយុវជន និងសង្គមស៊ីវិលឯករាជ្យ។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានថ្លែងថា ការមកដាក់ពាក្យប្តឹងនៅតុលាការ គឺប្តឹងបុគ្គល ឃុន ថារ៉ូ ជាមន្ត្រីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់«សង់ត្រាល់» ទាក់ទងនឹងការរើសអើង និងបរិហាកេរ្តិ៍ជាសាធារណៈឱ្យមានការរើសអើង។ ដោយលោកបានលើកឡើងថា របាយការណ៍របស់សង់ត្រាល់ ប៉ះពាល់ដល់ស្ថេរភាពការងារកម្មករ និយោជិតទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងក្នុងប្រព័ន្ធ និងក្នុងប្រព័ន្ធ និងធ្វើឱ្យប៉ះពាល់ធ្ងន់ណាស់ ព្រោះធ្វើឱ្យថៅកែមួយចំនួនដែលត្រៀមវិនិយោគទុននៅកម្ពុជាមានភាពភ័យខ្លាច ដោយសារតែរបាយការណ៍របស់សង់ត្រាល់ធ្វើតែមួយជ្រុងតូច ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់តំណាងប្រទេសកម្ពុជា។

ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាបានបន្តថា របាយការណ៍របស់សង់ត្រាល់ មានទាំងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) និងសហព័ន្ធសហជីពកម្ពុជា (កាទូ) កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានសរសេររបាយការណ៍ខ្លីមួយថា វាគ្រាន់តែជារបាយការណ៍ ក៏ដូចជាមិនតំណាងឱ្យវិស័យកាត់ដេរមួយទាំងមូលទេ។ សូមផ្តាំទៅវិញថា របាយការណ៍មួយចំនួនដែលមិនទាន់ពេញ​លេញច្បាស់លាស់ជាក់លាក់គួរតែកុំចេញ ព្រោះពេលដែលចេញទៅធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចកម្មករ និយោជិតទាំងក្នុងនិងក្រៅប្រទេស។ កម្មករ និយោជិតទាំងក្នុង និងក្រៅប្រព័ន្ធបានបង្ហាញអារម្មណ៍មិនពេញចិត្តទេ។ សម្រាប់សមាជិករបស់លោកជាង៤ម៉ឺននាក់ គឺពួកគាត់អត់មានសប្បាយចិត្តចំពោះរបាយការណ៍របស់សង់ត្រាល់ទេ ដោយសាររបាយការណ៍របស់សង់ត្រាល់ អាចធ្វើឱ្យប៉ះពាល់ឆ្នាំងបាយក៏ដូចជាជីវភាពផ្ទាល់របស់ពួកគាត់ផងដែរ។

លោក ហង្ស រ៉ាវី បានសង្កត់ធ្ងន់ថា “របាយការណ៍របស់សង់ត្រាល់ គឺពិសពុលមែនទែន សង់ត្រាល់មានជំនួយរាប់សិបម៉ឺនដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែជំនួយរបស់គាត់យកទៅជួយសហជីពណាដែលប្រឆាំងរាជរដ្ឋាភិបាល ក៏ដូចជារិះគន់រដ្ឋាភិបាល។ សង់ត្រាល់ មិនមែនជាអង្គការមួយដែលសហការទូលំទូលាយ សម្រាប់សហជីពខ្ញុំបាទអត់ចង់បានជំនួយដ៏ខ្មៅកង្វក់របស់សង់ត្រាល់ទេ”៕
ដោយ៖ពលជ័យ

ads banner