អ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទូទាំងពិភពលោក កើនដល់ ២៩២លាននាក់

វីយែន៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានព្រមានថា ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនកំពុងកើនឡើង ស្របគ្នានឹងការកើនឡើងការជួញដូរផងដែរ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការរំលោភបំពានគ្រឿងញៀន (UNODC) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្តីពីគ្រឿងញៀនពិភពលោករបស់ខ្លួន ដោយព្រមានថា ចំនួនអ្នកប្រើប្រាស់កំពុងកើនឡើង ទន្ទឹមនឹងការកើនឡើងការជួញដូរ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារ UNODC បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២២ ចំនួនមនុស្សប្រើប្រាស់គ្រឿងញៀនខុសច្បាប់បានកើនឡើងដល់ ២៩២លាននាក់។ តួលេខនេះ បានកត់សម្គាល់ថាអ្នកប្រើប្រាស់ភាគច្រើននៅទូទាំងពិភពលោក បានប្រើប្រាស់កញ្ឆាដល់ទៅ ២២៨លាននាក់។

របាយការណ៍នេះ បានចង្អុលបង្ហាញថា មនុស្ស ៦០លាននាក់នៅទូទាំងពិភពលោកបានប្រើប្រាស់អាភៀន, ៣០លាននាក់ប្រើប្រាស់អាំហ្វេតាមីន, ២៣លាននាក់ប្រើប្រាស់កូកាអ៊ីន និង ២០លាននាក់ប្រើប្រាស់អេស្ត្រូស៊ី។

លើសពីនេះទៀត ទីភ្នាក់ងារ UNODC ក៏បានរកឃើញដែរថា មានការកើនឡើងការស្លាប់ដោយសារប្រើថ្នាំញៀនជ្រុល បន្ទាប់ពីការលេចឡើងនៃ nitazenes ដែលជាក្រុមនៃអាភៀនសំយោគ ដែលមានសក្តានុពលគ្រោះថ្នាក់ជាង fentanyl នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់មួយចំនួន។

របាយការណ៍គ្រឿងញៀនបានកត់សម្គាល់ថា អ្នកជួញដូរគ្រឿងញៀននៅតំបន់ត្រីកោណមាស ដែលជាតំបន់មួយនៅអាស៊ីអាគ្នេយ៍ បានរកឃើញមធ្យោបាយ ក្នុងការរួមបញ្ចូលខ្លួនទៅក្នុងទីផ្សារខុសច្បាប់ផ្សេងទៀត។

ជាមួយគ្នានេះ ទីភ្នាក់ងារ UNODC ក៏បានអំពាវនាវឱ្យរដ្ឋាភិបាល អង្គការ និងសហគមន៍ សហការគ្នាបង្កើតផែនការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner