Volkswagen ចាយទុន ៥ពាន់លានដុល្លារ ជំរុញសន្ទុះផលិតឡានអគ្គិសនី

ញូវយ៉ក៖ ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen នឹងបោះទុន ៥ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុនអាមេរិក Rivian ដើម្បីបង្កើតការបណ្តាក់ទុនរួមគ្នាដ៏ធំមួយ ទៅលើបច្ចេកវិទ្យាដែលប្រើប្រាស់ដោយក្រុមហ៊ុនផលិតឡានខ្នាតយក្សទាំងពីរ។

កិច្ចសហការ និងការបណ្តាក់ទុនរួមគ្នាទំហំ ៥ពាន់លានដុល្លារនេះ នឹងបែងចែកទៅលើការវិនិយោគផ្ទាល់ចំនួន ៣ពាន់លានដុល្លារដោយក្រុមហ៊ុនអាល្លឺម៉ង់នៅ Rivian។

ថវិកា ២ពាន់លានដុល្លារទៀត ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមដែលគ្រប់គ្រងស្មើភាពគ្នា ក្នុងគោលបំណងបង្កើតស្ថាបត្យកម្មឡានអគ្គិសនីជំនាន់ក្រោយ និងបច្ចេកវិទ្យាសូហ្វវែរលំដាប់ថ្នាក់ល្អបំផុត។

ភាគហ៊ុនរបស់ Rivian បានកើនឡើង ៨.៦ភាគរយកាលពីថ្ងៃអង្គារ និងជិត ៥០ភាគរយនៅក្នុងការជួញដូរ ក្រោយការប្រកាសពីកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរ។

ស្ថិតក្រោមប្រតិបត្តិការនេះ ក្រុមហ៊ុន Volkswagen នឹងធ្វើការវិនិយោគដំបូងចំនួន ១ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Rivian ក្នុងឆ្នាំ ២០២៤នេះ ហើយនឹងបោះទុន ១ពាន់លានដុល្លារបន្តបន្ទាប់ទៀតនៅក្នុងឆ្នាំ ២០២៥ និង ២០២៦។

ចំណែកទឹកប្រាក់បន្ថែមចំនួន ២ពាន់លានដុល្លារទៀត ត្រូវបានគេរំពឹងថា នឹងត្រូវចំណាយនៅពេលចាប់ផ្តើមការបណ្តាក់ទុនរួមគ្នា និងប្រាក់កម្ចីនៅឆ្នាំ ២០២៦៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner