អេស្ប៉ាញរឹបអូសថ្នាំញៀន ពីនាវាមុជទឹក
បរទេស៖ អាជ្ញាធរនៃប្រទេសអេស្ប៉ាញបានស្ទាក់ចាប់នាវាមុជទឹក ដែលពោរពេញដោយគ្រឿងញៀនមួយគ្រឿង របស់ក្រុមជួញដូរ នាពេលថ្មីៗនេះ។
ប៉ូលិសបានប្រកាស កាលពីថ្ងៃអង្គារថា នាវាមុជទឹកនេះ ដំបូងឡើយ ត្រូវបានប្រទះឃើញដោយភ្នាក់ងារគយអេស្ប៉ាញ ហើយក៏រាយការណ៍មកប៉ូលីស។ ក្រុមអ្នកជួញដូរគ្រឿងញៀនបួននាក់ ដែលជិះលើនាវាមុជទឹកបានព្យាយាមបើកសន្ទះនាវាមុជទឹក ដើម្បីពន្លិច នាំទំនិញជាគ្រឿងញៀនទាំងនេះ ទៅក្នុងបាតសមុទ្រ។
ហេតុការណ៍នេះបានកើតឡើង កាលពីចុងសប្តាហ៍ នៅចម្ងាយប្រមាណ ៥០០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសអេស្ប៉ាញ។ ប៉ូលិសបានបន្តថា ជនសង្ស័យជួញដូរគ្រឿងញៀន ទាំង៤នាក់ គឺជាជនជាតិកូឡុំប៊ី ហើយត្រូវបានចាប់ឃាត់ខ្លួន។ យ៉ាងណាមិញ ប្រភពមិនបញ្ជាក់ពីបរិមាណនៃគ្រឿងញៀន រឹបអូសទាំងនោះទេ។
គួររម្លឹកថា កាលពីឆ្នាំ២០១៩ អាជ្ញាធរអេស្ប៉ាញ ធ្លាប់បានស្ទាក់ចាប់នាវាមុជទឹកពាក់កណ្តាលលិច មួយគ្រឿង នៅកោះ ហ្គាលីស្យា (Galicia) ដែលមានផ្ទុកកូកាអ៊ីន ចំនួន៣០០០គីឡូក្រាម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត