អត្តពលិកកីឡាទូកនាគកម្ពុជាចំនួន១៥រូបទៅចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) នៅប្រទេសរុស្ស៊ី
(ភ្នំពេញ)៖ ឆ្លើយតបតាមការអញ្ជើញរបស់សហព័ន្ធកីឡាទូកកាយ៉ាក់ និងទូកកានូ រដ្ឋAltai Krai ប្រទេសរុស្ស៊ី អញ្ជើញសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទៅចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិ(International Dragon Boat Festival)ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី២៨ដល់៣០ ខែ មិថុនា ឆ្នាំ២០២៤នោះ ក្រោមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជូនអត្តពលិក មានប្រធានប្រតិភូ គ្រូបង្វឹក កីឡាក សរុបចំនួន១៥រូបបានចេញដំណើរ នាព្រឹកថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៤ទៅកាន់ប្រទេសរុស្ស៊ីហើយ។
អត្តពលិកទាំង១៥រូបនេះ មានសមាសភាព ឯកឧត្តម នាយឧត្តមនាវីទោ ចាយ ស៊ីជឿន ប្រធានប្រតិភូ និងជាអគ្គលេខាធិការង លោក ណាញ ណាញធូ (Naing Naing Htoo )គ្រូបង្វឹក លោក គង់ សុភាព គ្រូជំនួយ និងកីឡាករចំនួន១២រូប។
លោក គង់ សុភាព គ្រូជំនួយ បានគូសបញ្ជាក់ថា កីឡាករទាំង១២រូបនេះ មុននិងចេញដំណើរទៅចូលរួមការប្រកួត គឺកីឡាករទាំងអស់បានហ្វឹកហាត់ជាប់ជាប្រចាំជាមួយគ្រូបង្វឹកអន្តរជាតិ លោក ណាញ ណាញធូ ។ ក្រោមការវាយតម្លៃមើលឃើញថា កីឡាករមានការរីកចំរើនទាំងសមត្ថភាព និងបច្ចេកទេស។
គ្រូជំនួយរូបនេះ បានគូសបញ្ជាក់ទៀតថា ការទៅចូលរួមការប្រកួតលក្ខណៈអន្តរជាតិធំៗបែបនេះ គឺដើម្បីឱ្យកីឡាករទូកនាគរបស់យើង បានដកស្រង់បទពិសោធន៍ជាមួយកីឡាករអន្តរជាតិជាការត្រៀមខ្លួនមួយឆ្ពោះទៅដណ្តើមមេដាយការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។
លោក គង់ សុភាព បន្ថែម ទៀតថា សម្រាប់ការចេញទៅប្រកួតជាលក្ខណៈអន្តរជាតិនៅប្រទេសរុស្ស៊ីលើកនេះ ការរំពឹងទុករបស់គ្រូបង្វឹក គឺទទួលបានលទ្ធផលល្អមកជូនកម្ពុជា ។ជាក់ស្តែង ការប្រកួតទូកនាគអន្តរជាតិនៅប្រទេសចិនកាលពីពេលថ្មីៗនេះ ក្រុមកីឡាទូកជម្រើសជាតិកម្ពុជាបានឡើងដល់វគ្គផ្តាច់ព្រ័ត្រជាប់ចំណាត់ថ្នាក់៦ជាលទ្ធផលល្អមួយដែលសរបញ្ជាក់ឱ្យឃើញថាទូកនាគកម្ពុជាកំពុងបោះជំហានរីកចំរើន និងមានសក្កានុពលជាក្តីសង្ឈឹមខ្ពស់ក្នុងការដណ្តើមមេដាយជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅប្រទេសថៃក្នុងឆ្នាំ២០២៥។
សូមបញ្ជាក់ថា ការប្រកួតកីឡាទូកនាគអន្តរជាតិ(International Dragon Boat Festival) ចាប់ផ្តើមប្រកួតផ្លូវការពីថ្ងៃទី២៨ដល់៣០ ខែ មិថុនា ឆ្នាំ២០២៤ រដ្ឋAltai Krai ប្រទេសរុស្ស៊ី៕
រូបភាព ៖ សហព័ន្ធ អត្ថបទ៖ជាវ ចន្ធូ