ក្នុងខែមិថុនា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្តឹង ចំនួន ៤២ និងមន្រ្តី ២១០នាក់ ប្រកាសទ្រព្យសម្បត្តិ និងបំណុល
(ភ្នំពេញ)៖ គិតចាប់ពីដើមខែ រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការ និង សម្រេចលើពាក្យប្តឹងសរុបចំនួន៤២ ហើយក្នុងនេះមានមន្រ្តី ២១០នាក់ បានប្រកាសទ្រព្យសម្បត្តិ និងបំណុល។
យោងតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៣ លើកទី ៣៦ នារសៀលថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៤នេះ បានឱ្យដឹងថា ៖ ក្នុងខែមិថុនានេះ មានមន្ត្រីចំនួន ២១០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ៩២នាក់ និងមន្ត្រី ១១៨នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ-ចូលនិវត្តន៍ និងចប់អាណត្តិ។
របាយការណ៍ដដែលនេះបានបញ្ជាក់ឱ្យដឹងដែរថា ៖ ក្នុងខែមិថុនានេះ អង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុប ចំនួន ៤២ ពាក្យប្តឹង ។
ក្រៅពីកិច្ចការងារខាងលើនេះអង្គភាពប្រឆាំងអំពើពុករលួយក៏បានចុះសង្កេតការណ៍ការងារលទ្ធកម្មសាធារណៈចំនួន ១០០គម្រោង របស់ អង្គភាពលទ្ធកម្ម ចំនួន ៣៧អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួន ទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀតផងដែរ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ហេងសម្បត្តិ