ឯកឧត្តម យី វាសនា ចាត់ទុកការឈ្នះមេដាយ ២គ្រឿង ពីជើងឯកប៉ារ៉ាប៊ូលីង​អន្ដរជាតិ ជាសញ្ញាណដ៏ល្អ សម្រាប់អត្តពលិកប៉ារ៉ាប៊ូលីងវ័យក្មេងកម្ពុជា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ការប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជាលក្ខណៈបើកទូលាយ លើកទី១ (Cambodia Open Para Bowling Championships) ឆ្នាំ២០២៤ នៅកម្ពុជា បានបញ្ចប់ហើយ ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ២គ្រឿង ។

ឯកឧត្តម យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិប៉ារ៉ាឡាំពិកកម្ពុជា(NPCC) បានចាត់ទុកសមិទ្ធផលនេះ គឺជាសញ្ញាណដ៏ល្អ សម្រាប់អត្តពលិកប៉ារ៉ាប៊ូលីងវ័យក្មេងកម្ពុជា ។

ឯកឧត្តម ថា ការប្រកួតលក្ខណៈអន្ដរជាតិនេះ កម្ពុជាបានរៀបចំផែនការរយៈពេល ២ឆ្នាំមកហើយ រហូតមានការគាំទ្រពីសហព័ន្ធប៊ូលីងអន្ដរជាតិ និងដៃគូឧបត្ថម្ភ​ក្នុង​ស្រុក ទើបជំរុញឲ្យសហព័ន្ធកីឡាប៊ូលីងកម្ពុជា ក្រោមកិច្ចការជាមួយ NPCC រៀបចំការប្រកួតលក្ខណៈបើកទូលាយនេះឡើង ដើម្បីផ្ដល់ឱកាសដល់អត្តពលិក​ជនពិការ ទាំងក្នុង និងក្រៅតំបន់បានចូលរួម​ប្រកួតនៅកម្ពុជា ។ អ្វីដែលពិសេស ការប្រកួតនេះ ក៏ទទួលបានការអបអរសាទរពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាទៀតផង ។

ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ទាំងការទទួលបដិសណ្ឋារកិច្ច និង​ការរៀប​ចំការប្រកួតអន្ដរជាតិលើកដំបូងនេះ បានផ្ដល់នូវភាពកក់ក្ដៅ ស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗជាច្រើន ទាំងកំឡុងពេលប្រកួត និងក្រោយការប្រកួត សម្រាប់​ប្រតិភូ និងអត្តពលិកចូលរួមទាំងអស់ ។ នេះជាកិត្តិយសរបស់ប្រទេសជាតិ ។ អ្វីដែល​សំ​ខាន់មួយទៀត គឺប្រតិភូទាំងអស់ នឹងផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ដែលមានសុខ​ស​ន្តិភាព ​ដោយអាចរៀបចំការប្រកួតកីឡាបានក្តីសប្បាយរីករាយ និងស្តង់ដា​អន្តរជាតិ​។

លើសពីបនេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង​របស់អត្តពលិក​ប៉ារ៉ាប៊ូលីងកម្ពុជា ​ទាំង ៨រូប ទោះបីទើបប្រមូលផ្ដុំហ្វឹកហាត់រយៈពេលខ្លី និងខ្វះបទ​ពិសោធ​ន៍​ប្រកួតអន្ដរជាតិក្ដី តែបានព្យាយាម រហូតសម្រេចបានលទ្ធផល​ល្អប្រសើរ​មួយជូនជាតិ ។

ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តដល់សហព័ន្ធ ពិសេសកីឡាករ-កីឡាការិនីផ្ទាល់ ត្រូវបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដុសខាតសមត្ថភាពបន្ថែមត្រៀមការ​ប្រកួត​​អន្ដរជាតិនានា នៅថ្ងៃខាងមុខ ។ ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាទទួល​បានមេដាយ​សំរឹទ្ធ ២គ្រឿង ដែលជាសញ្ញាណដ៏ល្អមួយ ក្នុងការសម្រួចគោលដៅឆ្ពោះទៅ​ស្វែងរក​មេដាយប្រាក់ និងមាស ។ អ្វីជាចំណុចវិជ្ជមាននោះ គឺកីឡាករ កីឡាការិនីពិការកម្ពុជា​លើប្រភេទកីឡាប៊ូលីងនេះនៅវ័យក្មេងហើយនឹងបន្តការបណ្តុះបណ្តាបន្ថែម។ ប្រសិន​បើម្ចាស់ផ្ទះថៃ រៀបចំឱ្យមានប្រភេទកីឡាប៉ារ៉ាប៊ូលីង ក្នុងអាស៊ានប៉ារ៉ាហ្គេម នាខែមករា ឆ្នាំ២០២៦ នោះកម្ពុជាយើងមានបេក្ខភាពអត្តពលិកស្រាប់ ។

លោក Leon Lim ប្រធានគណៈកម្មការរៀបចំ និងជាអនុប្រធានសហព័ន្ធ​កីឡា​ប៊ូលីង​កម្ពុជា បានឲ្យដឹងថា ការប្រកួតនេះ គឺមានអត្តពលិកចូលរួមសរុប ១៤២នាក់ មកពី ១០ប្រទេស រួមមានថៃ ចិន ហុងកុង ជប៉ុន កូរ៉េ ឥណ្ឌា ម៉ាឡេស៊ី សាធារណរដ្ឋ​ឆេក ហ្វីលីនពីន និងម្ចាស់ផ្ទះកម្ពុជា ។ ឆ្លងកាត់ការប្រកួតនេះ នាំឲ្យសហព័ន្ធបានរឹត​ចំណងមិត្តភាពអន្ដរជាតិជាច្រើន ដើម្បីឆ្ពោះទៅរកកិច្ចសហការ និងជំរុញការ​អភិវឌ្ឍ​វិស័យកីឡាប៊ូលីងកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner