ក្រសួងរៀបចំដែនដី ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី ប្រព័ន្ធផ្ទេរកម្មសិទ្ធិ បង្កើត/លុបហ៊ីប៉ូតែក បណ្ណាល័យអេឡិចត្រូនិក និងប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុង

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈក្រុមការងារបរិវត្តកម្មឌីជីថល និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី ប្រព័ន្ធផ្ទេរកម្មសិទ្ធិ បង្កើត/លុបហ៊ីប៉ូតែក បណ្ណាល័យអេឡិចត្រូនិក និងប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។

ឯកឧត្តម គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា កម្មវិធីនេះ គឺបានចូលរួមចំណែកកសាងរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយជាអាទិភាព របស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងផ្ដល់សេវាសាធារណៈ ក្នុងគោលដៅឆ្ពោះទៅសម្រេចបាន នូវគោលនយោបាយគន្លឹះ ក្នុងការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងបរិយាយកាសគ្មានវិវាទ ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាក្រសួងមួយដែលឈានមុខគេក្នុងការធ្វើបរិវត្តកម្មឌីជីថលដែលនឹងធ្វើឱ្យមានការផ្លាស់ប្ដូរនូវការគ្រប់គ្រង ហើយនឹងផ្ដល់ផលប្រយោជន៍ដល់ក្រសួង និងអ្នកទទួលសេវាពីក្រសួង ព្រមទាំងសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រៀមខ្លួនជានិច្ចក្នុងការជួយជ្រោមជ្រែងសហការ ដើម្បីធ្វើយ៉ាងណាឱ្យគោលដៅ និងគោលបំណងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទទួលបានជោគជ័យទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលឌីជីថលថ្មីចំនួន ៤ បន្ថែមទៀតរបស់ក្រសួងនាពេលនេះ គឺជាការចូលរួមចំណែកកសាងរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលតាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្ដល់សេវាសាធារណៈក្នុងគោលដៅឆ្ពោះទៅសម្រេចបាននូវគោលនយោបាយគន្លឹះក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ។ កិច្ចការនេះអាចសម្រេចទៅបាន គឺទាមទារឱ្យមានការប្ដេជ្ញាចិត្តខ្ពស់ផ្នែកនយោបាយ ធនធានមនុស្ស បច្ចេកទេស និងថវិកា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា សមិទ្ធផលដែលក្រសួងសម្រេចបាននាពេលនេះ ឆ្លុះបញ្ចាំងពីការបោះជំហានជាវិជ្ជមានមួយកម្រិតទៀតរបស់មូលធនមនុស្សកម្ពុជាក្នុងការរួបរួមសាមគ្គីកសាងអភិវឌ្ឍអនាគតភាពសហសម័យកម្ពុជាលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner