ក្រសួងព័ត៌មានជូនដំណឹងពី ជនឆបោកតាមប្រព័ន្ធតេឡេក្រាមដោយភ្ជាប់រូបសម្តេចតេជោថា គ្រាន់តែបញ្ចូលលេខផ្ទាល់ខ្លួនទទួលបានថវិកា ចន្លោះពី ៥០០ ទៅ ១៥០០ ដុល្លារ
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូន សាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា នៅក្នុង រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងព័ត៌មានបានពិនិត្យឃើញថា មានការផ្សព្វផ្សាយតាមប្រព័ន្ធ តេឡេក្រាមអំពីការផ្តល់ជំនួយជាថវិកាដល់ប្រជាជនកម្ពុជាចន្លោះពី ៥០០ដុល្លារ ទៅ ១៥០០ដុល្លារអាម៉េរិក ដោយគ្រាន់តែបញ្ចូលលេខទូរស័ព្ទផ្ទាល់ខ្លួន ដែលក្នុងនោះក៏មានភ្ជាប់ការប្រើប្រាស់រូបភាពរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អមជាមួយនឹងរូបប្រជាជន ដើម្បីជាការអូសទាញផងដែរ។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជនខិលខូចបានប្រើប្រាស់គេហទំព័រ: joinclaim-now.khmertelegv1.site ដែលបានប្រើប្រាស់បច្ចេកទេសដើម្បីបិទបាំងអត្តសញ្ញាណនិងព័ត៌មានផ្ទាល់ខ្លួន នៅក្នុងគោលបំណងដើម្បី ឆបោក និងបង្កើតឡើងក្នុងគោលដៅទុច្ចរិតដើម្បីលួចយកព័ត៌មានសម្ងាត់ពីអ្នកប្រើប្រាស់ ៕
ដោយ ៖ ង៉ាន់ ទិត្យ