ក្រសួងប្រៃសណីយ៍ និងអង្គការយូណេស្កូ ប្រកាសឱ្យប្រើប្រាស់ក្របខណ្ឌសមត្ថភាព អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អង្គការយូណេស្កូប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះបានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសឱ្យប្រើប្រាស់ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.) ។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការចូលរួមពី លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា និងលោកស្រី Camilla Ottosson អគ្គទីប្រឹក្សានិងប្រធានស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមជាតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល តំណាងគ្រឹះស្ថានអប់រំ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន អ្នកបង្កើតមាតិកា និងអ្នកសារព័ត៌មាន មានចំនួនសរុប ប្រមាណជាង ២៨០នាក់។

ការរៀបចំក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន គឺជាការអនុវត្តវិធានការគន្លឹះស្របតាមការចង្អុលបង្ហាញនៃក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ដែលក្នុងនោះពលរដ្ឋកម្ពុជាគ្រប់រូបត្រូវក្លាយខ្លួនជា “ពលរដ្ឋឌីជីថល” ជាសសរស្តម្ភសំខាន់ទ្រទ្រង់ដំណើរការបរិវត្តកម្មឌីជីថលគ្រប់ផ្នែក និងដើម្បីចាប់យកប្រយោជន៍ពេញលេញពីការវិវត្តរបស់បច្ចេកវិទ្យា ។ ការរៀបចំក្របខណ្ឌនេះធ្វើឡើងក្នុងគោលបំណងរួមមាន 1. ផ្តល់នូវចក្ខុវិស័យច្បាស់លាស់ស្តីពីសមត្ថភាពពលរដ្ឋឌីជីថលកម្ពុជា ២. ជំរុញការលើកកម្ពស់ អ.ឌ.ប.ព. ប្រកបប្រសិទ្ធភាព និងសង្កតិភាពចំពោះគ្នាទៅវិញទៅមក ៣. ផ្តល់មូលដ្ឋានសម្រាប់រៀបចំកម្មវិធីសិក្សាសមស្របតាមតម្រូវការនិងស្ថានភាពជាក់ស្តែង និងសម្រាប់ការវាយតម្លៃកម្រិតសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន នៅកម្ពុជា។

ក្របខណ្ឌអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន បានកំណត់ថា ពលរដ្ឋឌីជីថលនៅកម្ពុជា គួរមានសមត្ថភាព អ.ឌ.ប.ព ៨ផ្នែក និងមានចំណេះដឹង ឥរិយាបថមួយចំនួនស្របតាមផ្នែកទាំង៨នេះ ទើបគេអាចប្រើប្រាស់បច្ចេកវិទ្យាបានច្បាស់លាស់ ប្រកបដោយការត្រិះរិះពិចារណា មានការទទួលខុសត្រូវ មានប្រសិទ្ធិភាព និងសុវត្ថិភាព ។

លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានប្តេជ្ញាចិត្តនឹងបន្តធ្វើការជាមួយដៃគូរពាក់ព័ន្ធទាំងអស់នៅក្នុងយុទ្ធនាការថ្នាក់ជាតិ និងការបណ្តុះបណ្តាលសមត្ថភាព រួមទាំងការសាកល្បងវិធីសាស្រ្តវាយតម្លៃក្រមសីលធម៌បញ្ញាសិប្បនិម្មិតដែរ ។”

ជាមួយគ្នានេះ លោកស្រី Camilla Ottosson អគ្គទីប្រឹក្សានិងប្រធានស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា “ដំណើរការរៀបចំក្របខណ្ឌ អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន នេះ បានគិតគូរពីបញ្ហាបរិយាបន្ន និងសិទ្ធមនុស្ស បានធានាថា ប្រជាពលរដ្ឋគ្រប់រូប មាននូវជំនាញនិងចំណេះដឹងប្រកបដោយប្រសិទ្ធិភាព និងការត្រិះរិះពិចារណានៅពេលគេប្រើប្រាស់់បច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ។”

ឯកឧត្តម ជុន វ៉ាត បានមានប្រសាសន៍ថា ក្របខណ្ឌសមត្ថភាពនេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអង្គការយូណេស្កូ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពពលរដ្ឋឌីជីថល ស្របតាមគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។

ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមប្រើប្រាស់ក្របខណ្ឌសមត្ថភាពនេះ សម្រាប់ការអនុវត្តសកម្មភាព ឬកម្មវិធីទាំងឡាយក្នុងគោលដៅលើកកម្ពស់អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅកម្ពុជា ដើម្បីធានាសង្គតិភាពចំពោះគ្នាទៅវិញទៅមក និងអាចវាស់វែងបាន ហើយ ឯកឧត្តមរដ្ឋលេខាធិការ មានសង្ឈឹមយ៉ាងមុតមាំថា ការខិតខំប្រឹងប្រែង និងកិច្ចសហការរួមគ្នាចំពោះកិច្ចការនេះ នឹងជួយជំរុញការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយភាពជោគជ័យ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅកសាងកម្ពុជាជាសង្គមសេដ្ឋកិច្ចឌីជីថលដ៏រស់រវើកមួយក្នុងឆ្នាំ២០៣៥ ៕

ដោយ ៖ ង៉ន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner