NASA ជួល SpaceX បំផ្លាញស្ថានីយអវកាស ISS
វ់ាស៊ីនតោន៖ អង្គការ NASA កាលពីថ្ងៃពុធប្រកាសជួលក្រុមហ៊ុន SpaceX ក្នុងតម្លៃ ៨៤៣លានដុល្លារ សាងសង់យាន ដែលមានសមត្ថភាពរុញស្ថានីយអវកាសអន្តរជាតិ ISS ចូលទៅក្នុងបរិយាកាសផែនដី ដើម្បីបំផ្លាញចោល ។ ផែនការនឹងត្រូវសម្រេចឲ្យបានត្រឹមឆ្នាំ ២០៣០។
ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ជាយានអវកាសដ៏ធំមួយ និងជារចនាសម្ព័ន្ធតែមួយដ៏ធំបំផុតដែល មនុស្សបានប្រើប្រាស់នៅក្នុងលំហជុំវិញផែនដី។ យានអវកាសនេះជាកន្លែងស្នាក់នៅរបស់អវកាសយានិក និងជាមន្ទីរពិសោធន៍វិទ្យាសាស្ត្រតែមួយគត់ក្នុងលំហ។
ស្ថានីយអវកាស ISS ត្រូវបានគេប្រើប្រាស់ក្នុងគោលបំណងចម្បងបំផុត ជាមន្ទីរពិសោធន៍សិក្សាស្រាវជ្រាវ អំពីទីអវកាស និងត្រួតពិនិត្យលំហអាកាស ។
ហើយ ISSក៏មានតួនាទីសំខាន់ក្នុងការសិក្សាលម្អិតអំពីដំណើរវិវត្តនៃជីវិតមនុស្សដែលរស់នៅខាងក្រៅ ភពផែនដី ការសិក្សាពីកម្លាំងទំនាញផែនដី ជាពិសេសសិក្សាអំពីផលប៉ះពាល់ទាំងឡាយ ដែលអាចកើត មានដល់សុខភាពរបស់មនុស្ស ពេលកំពុងស្នាក់នៅក្នុងទីអវកាសរយៈពេលវែង។
ការសិក្សាទាំងនេះ ជាចំណុចសំខាន់បំផុតដែលបម្រើដល់ការរស់នៅរបស់មនុស្សជាតិទាំងបច្ចុប្បន្ន និងទៅអនាគតក្នុងលទ្ធភាពអាចទៅរស់នៅលើភពដទៃទៀតបានដោយងាយស្រួល និងមានសុវត្ថិភាព ទោះស្ថិតនៅរយៈពេលវែងយ៉ាងណាក្តី។
ISS មានទំហំប៉ុនទីលានបាល់ទាត់ ដែលដឹកនាំជាចម្បងដោយសហរដ្ឋអាមេរិក និងរុស្ស៊ីនេះ បានធ្វើប្រតិបត្តិការនៅទីអវកាសអស់ពេល ២៣ឆ្នាំហើយ។
ប៉ុន្តែភាពចាស់ជ្រុតជ្រោមរបស់វា បាននាំឱ្យ NASA និងដៃគូបរទេសរបស់ខ្លួន កំណត់យកឆ្នាំ ២០៣០ ជាកាលបរិច្ឆេទចូលនិវត្តន៍ដែលបានគ្រោងទុក៕
ប្រភព÷ CNA ប្រែសម្រួលដោយ÷ ឈឹម ទីណា