ខេត្តកំពង់ឆ្នាំងដង្កូវហ្វូវបំផ្លាញដំណាំស្រូវដាច់ដោយដុំៗចំនួន១៧៧ ហិកតា នៅក្នុងស្រុកចំនួនប្រាំ
កំពង់ឆ្នាំង៖ដំណាំស្រូវចំនួន១៧៧ហិកតានៃស្រុកចំនួនប្រាំរបស់ខេត្តកំពង់ឆ្នាំង បានរងផលប៉ះពាល់ដោយសារដង្កូវហ្វូវបំផ្លាញជាលក្ខណៈដាច់ដោយដុំៗ ។នេះបើតាមការបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។
ដំណាំស្រូវនៃស្រុកទាំងប្រាំដែលរងការបំផ្លាញដោយដង្កូវហ្វូងមាន ស្រុកបរិបូណ៌ , ស្រុកកំពង់ត្រឡាច ,ស្រុករលាប្អៀរ , ស្រុកសាមគ្គីមានជ័យ និង ស្រុកទឹកផុស។ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តបានអញ្ជើញពិនិត្យផ្ទាល់នៅតំបន់ដែលរងផលប៉ះពាល់ពីការបំផ្លាញរបស់ដង្កូវហ្វូងចំនួន ១១ហិកតា នៅឃុំជើងគ្រាវ ស្រុករលាប្អៀរកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
លោកប្រធានមន្ទីរកសិកម្មបានឱ្យដឹងទៀតថា ដោយមានការចុះជួយអន្តរាគមន៍ជាបន្តបន្ទាប់ពីសំណាក់ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម, អគ្គនាយកដ្ឋានកសិកម្ម ,មន្ទីរកសិកម្មខេត្ត, មន្ត្រីកសិកម្មឃុំ ,អាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយណែនាំពីបច្ចេកទេសក្នុងការគ្រប់គ្រងដំណាំស្រូវដល់កសិករផ្ទាល់រហូតមកដល់ពេលនេះបានល្អប្រសើរឡើងវិញហើយចំនួន១៦០ហិកតា។
លោកប្រធានមន្ទីរបន្តថា បច្ចុប្បន្នកសិករទូទាំងខេត្តបានដាំដុះដំណាំស្រូវចំនួន ១០៩ ៩២៦ហិកតា ស្មើនឹង ៨៣.៩១ភាគរយលើផែនការ ១៣១ ០០០ហិកតា។
ដង្កូវហ្វូងមានឈ្មោះវិទ្យាសាស្ត្រ Spodoptera mauritia បានយាយីលើដំណាំស្រូវលើបណ្ដាខេត្តជាច្រើនចាប់តាំងពីសប្ដាហ៍មុន៕
ដោយ៖សុខ គឹមសៀន