ព្រឹកនេះ គណបក្សប្រជាជនកម្ពុជា ប្រារព្ធមិទិញអបអរសាទរខួបទី៧៣ នៃការបង្កើតបក្ស
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ប្រារព្ធមិទិញអបអរសាទរខួបទី៧៣ នៃការបង្កើតបក្ស នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅបរិវេណស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា , សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, អនុប្រធានបក្ស, ព្រមទាំងសមាជិកសមាជិកាគណបក្សជាច្រើនទៀត ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្ដាញសង្គមអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ជាខួបទី៧៣ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
គណបក្សប្រជាជនកម្ពុជា បានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ