គណបក្សនយោបាយអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយ ដែលមានសហប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលបានចាប់បដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ គណបក្សនយោបាយទាំងនោះ ក៏បានចូលរួមអបអរសាទរដោយស្មារតីមោទនភាពជាតិដ៏ខ្ពង់ខ្ពស់បំផុតចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកដ៏រឹងមាំរបស់ជាតិមាតុភូមិកម្ពុជា។

លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃខួបអនុស្សាវរីយ៍លើកទី៧៣ នៃថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ដែលបានចាប់បដិសន្ធិឡើង នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ គណបក្សធម្មាធិបតេយ្យ សូមចូលរួមអបអរសាទរដោយស្មារតីមោទនភាពជាតិដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកដ៏រឹងមាំរបស់ជាតិមាតុភូមិកម្ពុជា។ លោកជំទាវ ពោធិតី សាវត្ថី មានប្រសាសន៍យ៉ាងដូច្នេះថា ៖ “យើងខ្ញុំទាំងអស់គ្នា សូមចងចាំជានិច្ចនូវស្នាដៃដឹកនាំ ដ៏ឧត្តុង្គឧត្តម ធំធេងមហាសាល របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបុព្វបុរស អ្នកស្នេហាជាតិ ដែលបានចូលរួមបូជាអាយុជីវិតពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីប្រទេសកម្ពុជា ឱ្យមានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រជាជនធ្វើការតស៊ូប្រយុទ្ធយ៉ាងអង់អាចប្រឆាំងជាមួយនឹងអាណានិគមបារាំង ចក្រពត្តិអាមេរិក និងជាពិសេសបានរំដោះប្រទេសជាតិ វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា ដែលបានបញ្ចប់ទាំងស្រុងនូវសម័យកាលដ៏ខ្មៅងងឹតបំផុត ហើយបានបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីនៃការកសាងទឹកដីឡើងវិញរបស់ប្រជាជនយើងលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ អភិវឌ្ឍន៍លើគ្រប់វិស័យ និងមានការទទួលស្គាល់ពីអន្តរជាតិ”។

ចំណែកឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤) ដោយស្មារតីមោទនភាពជាតិដ៏ខ្ពង់ខ្ពស់បំផុតចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកដ៏រឹងមាំសម្រាប់ជាតិ មាតុភូមិ។ ឯកឧត្តម អ៊ុន វិសិទ្ធគុន បានបញ្ជាក់ថា គុណូបការៈដ៏ខ្ពង់ខ្ពស់ទាំងអស់នេះជាតិសាសន៍ខ្មែរទាំងមូល និងរូបឯកឧត្តមដែលជាអ្នកនយោបាយមិនអាចបំភ្លេចបានជាដាច់ខាតក្នុងការដឹកនាំតស៊ូដោយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានចាប់ផ្តើមកសាងជាតិឱ្យរស់ឡើងវិញទាន់ពេលវេលា។

លោក រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស យល់ឃើញថា រយៈពេល៧៣ឆ្នា ប្រវត្តិ នៃការតស៊ូរបស់គណបក្សប្រជាជនកម្ពុជា ការតស៊ូ និងកំណើតនៃគណបក្សប្រជាជនកម្ពុជា គឺមានការតស៊ូស្វិតស្វាញ មានការលំបាកច្រើនទម្រាំមានថ្ងៃនេះ។ ហើយជាគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជាដែលខិតខំតស៊ូបង្កើតគណបក្សប្រជាជនកម្ពុជា រហូតមក ទល់ពេលនេះ ៧៣ឆ្នាំ ហើយវាមិនមែនជារឿងចៃដន្យនោះទេ។ ប្រវត្តិតស៊ូរបស់យុទ្ធជន យុទ្ធនារី និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺទម្រាំតែរំដោះបានប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺមានការលំបាក មានការបូជាពលីជីវិតដើម្បីបព្វហេតុជាតិ និងស្វិតស្វាញយ៉ាងខ្លាំង។ លោក រៀល ខេមរិន្ទ្រ បានបញ្ជាក់ថា “រយៈកាលដែលគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិមកដល់ឥឡូវ ៤៣ឆ្នាំ គឺចាប់ផ្តើមពីបាតដៃទទេ ដូចយើងឃើញហើយជំនាន់ ប៉ុល ពត បានបំផ្លាញគ្រប់ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិទាំងមូល។ នៅពេល ដែលរំដោះបាន ប្រទេសជាតិត្រឡប់មកវិញ គឺយើងឃើញតែគំនរផេះផង់គួរឱ្យអាណោចអាធមជាទីបំផុត។ រាប់ចាប់ពីឆ្នាំ១៩៧៩ ដែលគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសមកទល់ ពេលនេះ យើងឃើញតែមានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ មិនដូចដែលគេថាក្រនៅតែក្រទេ។ ហើយមិនស្មានថា ប្រទេសជាតិរបស់យើងមានការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមពីសម្តេចតេជោ ហ៊ុន សែន រហូតមក ដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិទី៧ នេះ ឃើញមានការអភិវឌ្ឍន៍ និងជាមោទនភាព”។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

គណបក្សដែលបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៕
ដោយ៖ពលជ័យ

ads banner