សម្ព័ន្ធសហជីពជាតិ៖ របាយការណ៍របស់ សង់ត្រាល់ គឺមិនមានប្រភព និងភស្តុតាងច្បាស់លាស់

ភ្នំពេញ៖ ឆ្លើយតបទៅនឹងរបាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (ហៅថា សង់ត្រាល់) កាលពីពេលកន្លងទៅ សម្ព័ន្ធសហជីពជាតិ បានបញ្ជាក់ថា របាយការណ៍របស់សង់ត្រាល់ គឺមិនមានប្រភព និងភស្តុតាងច្បាស់លាស់ត្រង់ចំណុចថា តំណាងសហជីពមកពីកន្លែងការងារចំនួន១០ ក្នុងចំណោម ១៤ បានរាយការណ៍ថា ពួកគេបានជួបការរារាំង ឧបសគ្គក្នុងការអនុវត្តសិទ្ធិសេរី ភាពរបស់ពួកគេ (សេរីភាពភាពសហជីពសមាគម FOA) ថែមទាំងមានការបំភិតបំភ័យផ្ទាល់មាត់ ការគំរាមកំហែង ការយាយី និងការដាក់ក្នុងបញ្ជីខ្មៅ ដែលជាហេតុធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសមត្ថភាពរបស់ពួកគេក្នុងការបំពេញមុខងាររបស់ខ្លួន។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបន្តថា បើយោងតាមច្បាប់ សហជីពបុគ្គល ឬសហជីពដែលទទួលរងនូវការគំរាមកំហែង ការយាយី ការរារាំងមិនឱ្យអនុវត្តសិទ្ធិរបស់ខ្លួន មានសិទ្ធិប្តឹងទៅក្រសួងការងារ ឬតុលាការបាន ប៉ុន្តែមកទល់នឹងពេលនេះ ក្រសួងការងារមិនដែលទទួលពាក្យបណ្ដឹងពីសហជីពណាមួយឡើយចំពោះបញ្ហាខាងលើ នេះសរបញ្ជាក់ឱ្យឃើញថា របាយការណ៍ របស់ CENTRAL មិនមានភស្តុតាង និងប្រភពច្បាស់លាស់ លើសពីនេះទៅទៀត ពួកគាត់អាចប្តឹងករណីនេះទៅតុលការបានពីបទព្រហ្មទណ្ឌ។ មួយវិញទៀត ប្រសិនបើមានបណ្ដឹងពិតមែន ហើយក្រសួងមិនដោះស្រាយជូនសហជីព CENTRAL គួរតែ លើកយកបញ្ហានេះមកសួរនាំក្រសួងការងារ ហើយបើក្រសួងការងារមិនបានដោះស្រាយទើបគាត់អាចយកទៅចុះផ្សាយបាន ។ ប៉ុន្តែ CENTRAL ចុះផ្សាយដោយមិនមានមូលដ្ឋានច្បាប់ច្បាស់លាស់ដែលធ្វើឱ្យសហគមជាតិ និងអន្តរជាតិយល់ច្រឡំមកលើរដ្ឋាភិបាល និងស្ថេរភាពនៅកម្ពុជា ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់បរិយាកាសវិនិយោគ ដោយសារតែការចុះផ្សាយមិនមានប្រភព និងមិនមានភស្តុតាងត្រឹមត្រូវគឺជាការបង្កាច់បង្អួច។ ការណ៍ដែល CENTRAL បង្កើតរបាយការណ៍ដោយមិនមានប្រភពច្បាស់លាស់ និងមិនមានភស្តុតាងគឺធ្វើឱ្យ ប៉ះពាល់ដល់ភាពស្អាតស្អំ នឹងសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ដើម្បីផលប្រយោជន៍របស់បុគ្គល ឬប្រទេសណាមួយ នឹងរារាំងអ្នកវិនិយោគមិនឱ្យមកវិនិយោគនៅកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ការងាររបស់កម្មករ និយោជិតនៅកម្ពុជា យ៉ាងធ្ងន់ធ្ងរ។

លោក ហ្វា សាលី បានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ និងផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការ បង្កើតសមាគម និងអង្គការ ដោយត្រូវបានការពារដោយច្បាប់កម្ពុជា យោងតាមមាត្រា៣៦ នៃ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីព និងចូលជាសមាជិកសហជីពនេះ។ ហេតុដូច្នេះ កម្ពុជាបានបង្កើតច្បាប់ស្តីពីសហជីពនៅឆ្នាំ២០១៦ ដែលបានផ្តល់សិទ្ធដល់និយោជក និងនិយោជិតក្នុងការបង្កើតសហជីព និងសមាគម ដើម្បីឱ្យសម្លេង និងមតិរបស់កម្មករ និយោជិត ត្រូវបានដឹងឮជាសាធារណៈ កម្មករជាច្រើនបានប្រមូលផ្តុំគ្នានៅក្រោមស្ថាប័នពិសេសមួយហៅថា “សហជីព”។ តួនាទីរបស់ស្ថាប័ននេះ គឺជួយសម្រួល ចរចា និងផ្តល់ជាសំលេងដល់ក្រុមណាមួយដែលពួកគេតំណាងឱ្យដើម្បីឆ្លើយតបទៅកាន់ក្រុមដ៏ទៃទៀតក្នុងសង្គមដូចជា រដ្ឋាភិបាល និយោជកផងដែរ។ បន្ទាប់ពីការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សហជីព បានចាក់ឫសយ៉ាងរឹងមាំ និងមានប្រសិទ្ធភាពនៅកម្ពុជាដោយតម្លាភាព ហើយចាប់តាំងពីឆ្នាំ១៩៩៦ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យបង្កើតសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលហៅកាត់ថា (FTUWKC) និងសហព័ន្ធសហជីពកម្ពុជា ដែលហៅកាត់ថា (CUF)។
សេរីភាពសហជីពបាននឹងកំពុងអនុវត្តពេញលេញក្នុងប្រទេសកម្ពុជា ទាំងក្នុងវិស័យវាយនភណ្ឌ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកលើភស្តុតាង និងលទ្ធផលការងារសហជីពបច្ចុប្បន្ន យើងខ្ញុំបានពិនិត្យឃើញថា មាន អង្គការវិជ្ជាជីវៈដែលបានចុះបញ្ជីកាសរុបចំនួន ៦២៧២ គឺគិតត្រឹម ឆ្នាំ២០២៣ នេះក្នុងនោះរួមមាន៖
-សហជីពមូលដ្ឋានមានចំនួន៖ ៥៩៣៨
-សហព័ន្ធសហជីពមានចំនួន៖ ២៨០
-សហភាពសហជីពមានចំនួន៖ ៤២ និងសមាគមនិយោជកមានចំនួន១២។

សម្ព័ន្ធសហជីពជាតិ ស្នើសុំឱ្យ CENTRAL ធ្វើការពិនិត្យឡើងវិញអំពីរបាយការណ៍របស់ខ្លួន ដោយត្រូវមានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់មុននិងចុះផ្សាយ និងទទូចស្នើសុំកែតម្រូវឱ្យស្របតាមច្បាប់ ដើម្បីឱ្យមានតម្លាភាព និងសច្ចភាពអំពីកម្ពុជា។ យើងខ្ញុំស្នើឱ្យអ្នកបញ្ជាទិញអន្តរជាតិ និងសាធារណជនជាតិ អន្តរជាតិ បដិសេធនូវព័ត៌មាន មិនពិតដែលចេញដោយ CENTRAL ពីព្រោះ របាយការណ៍របស់ CENTRAL ហាក់បីដូចជាវាយប្រហារដោយប្រយោល ទៅលើរបាយការណ៍របស់ ILO-BFC ដែលជាស្ថាប័នមួយធ្វើការលើវិស័យការងារជាមួយ កម្មករ និយោជិត និងសហជីព ជាពិសេសការផ្តល់វគ្គបណ្តុះបណ្តាលជាច្រើនឆ្នាំ ដល់មេដឹកនាំសហជីពកន្លងមក។ សម្ព័ន្ធសហជីពជាតិ សូមបញ្ជាក់ថា មិនមានប្រទេសណាអនុវត្តបានល្អឥតខ្ចោះនោះទេ ទោះបីជាក្នុងប្រទេសអភិវឌ្ឍក៏ដោយ ដូចនេះសហជីពគាំទ្រការសិក្សាស្រាវជ្រាវដែលមានវិជ្ជាជីវៈ និងមានមូលដ្ឋានច្បាស់លាស់ ប្រសិនបើការស្រាវជ្រាវ ឬការចុះផ្សាយដោយបំភ្លៃ គឺធ្វើឱ្យខូចប្រយោជន៍កម្មករនិយោជិត និងបរិយាកាសវិនិយោគ។

ប្រធានសម្ព័ន្ធសហជីពជាតិ អំពាវនាវដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ មេត្តាពិនិត្យឡើងវិញរាល់សកម្មភាព និងរបាយការណ៍ស្តីពី FoA របស់អង្គការមួយនេះ និងចាត់វិធានការតាមផ្លូវច្បាប់។ សម្ព័ន្ធសហជីពជាតិប្រឆាំងដាច់ខាត រាល់សកម្មភាពទាំងឡាយណាដែលបំផ្លាញផលប្រយោជន៍របស់កម្មករ និយោជិត៕
ដោយ៖ពលជ័យ

ads banner