ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត៖ តួនាទី គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិ ដែលស្ទើរតែរលត់សូន្យទៅនោះ ក្លាយជាប្រទេសមួយដែលយើងកំពុងរស់នៅបច្ចុប្បន្ន
(តាកែវ)៖ តួនាទី គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិ ដែលស្ទើរតែរលត់សូន្យទៅនោះ ឱ្យក្លាយទៅជាប្រទេសមួយដែលយើងកំពុងរស់នៅបច្ចុប្បន្ននេះ និងទៅអនាគត។ ម្យ៉ាងទៀត គណបក្សប្រជាជនកម្ពុជា មានអាយុកាលដ៏យូរអង្វែងបើប្រៀបធៀបទៅនិងគណបក្សដឹកនាំប្រទេសនៅក្នុងតំបន់អាស៊ី អាគ្នេយ៍។
នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីរំលឹកខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីរួមខេត្តតាកែវ ។
ឯកឧត្តម បន្តថា គណបក្សប្រជាជនកម្ពុជា បានរំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្រ្គាម នៅក្នុង រយៈជាង៤០០ឆ្នាំ នៅក្នុងប្រវត្តិសាស្រ្តខ្មែរ និងបានកសាងប្រទេសចេញពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសនៅក្នុងការដឹកនាំរបយៈពេល ៤៥ឆ្នាំនេះ គណបក្ស ក៏ដូចជាថ្នាក់នាំគណបក្សបានផ្តល់នូវគំរូ ដ៏ល្អសំរាប់យើងជាសមាជិកគណបក្ស គឺសាមគ្គីភាពផ្ទៃក្នុងល្អ ដែល ជាកត្តាធំបំផុតធ្វើឱ្យគណបក្សឈរជើងយ៉ាងរឹងមាំនៅក្នុងឆាកនយោបាយនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បន្តទៀតថា នៅក្នុងដំណាក់កាល នៃការអភិវឌ្ឍន៍ ប្រទេសកម្ពុជា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានភាពវៃឆ្លាតនៅក្នុងការដឹកនាំ ដោយរៀបចំយុវជនជំនាន់ក្រោយសំរាប់បន្តវេន ដែលនេះជាការសម្រេចដ៏ត្រឹមត្រូវមួយដើម្បីធានានូវនិរន្តរភាពនៃសន្តិភាព ការគ្រប់គ្រងរដ្ឋ និងការអភិវឌ្ឍន៍ប្រទេស។
ឯកឧត្តមបណ្ឌិត បន្តថាបច្ចុប្បន្ននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រទេសតាមគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជាដាក់ចេញ ហើយគោលនយោបាយនេះកាន់តែមុនស្រួចនៅក្នុងតំណាក់កាលបច្ចុប្បន្ន និងនៅក្នុងពេលអនាគ ។ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺផ្តោតទៅលើគោលនយោបាយអាទិភាព ៦ចំណុចដែលសំខាន់ ហើយបានបន្តពីគោលនយោយអាណត្តិចាស់កន្លងមក ក្នុងនោះមាន ការពង្រីកសេវាថែទាំសុខភាពឱ្យបានគ្របដណ្តប់ជាសកល បណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ដល់យុវជន ចំនួន១លាន៥សែន នាក់ ពង្រឹងវិសាលភាព កម្មវិធីជាតិជំនួយសង្គម ដាក់ចេញនូយុត្តិសាស្រ្ត នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការដាក់បង្រាយមន្រ្តីកសិកម្មទៅដល់មូលដ្ឋានឃុំសង្កាត់ នៅទូទាំងប្រទេស តំបន់ដែលមានសក្កដានុពលកសិកម្ម ជាដើម ។ គោលនយោបាយទាំងអស់នេះគឺជាការយកចិត្តទុដាក់ទៅដល់ប្រជាពលរដ្ឋនៅក្នុងការអភិវឌ្ឍ៍មូលដ្ឋាប្រជាពលរដ្ឋនៅទូទាំងប្រទេស៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា