សម្តេចតេជោប្រកាសអនុវត្តច្បាប់ប្រឆាំងអ្នកពាក់ព័ន្ធការបង្កើតរដ្ឋាភិបាលនិរទេស (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋនូវគំរោងឧបាយកលមួយ របស់អ្នកធ្វើនយោបាយមួយក្រុម ដែលចង់បង្កើតរដ្ឋាភិបាលខ្មែរមួយនៅក្រៅប្រទេស។

ក្នុងឱកាសចូលរួមខួបលើកទី៧៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងព្រមានទុកជាមុន នូវការត្រៀមធ្វើសកម្មភាពច្បាប់ ដើម្បីប្រឆាំងនឹងបក្ខពួកជាប់ពាក់ព័ន្ធនឹងក្រុមបង្កើតរដ្ឋាភិបាល ដោយខុសច្បាប់នោះ។

អតីតកាលកម្ពុជាដែលឆ្លងកាត់សង្គ្រាមស៊ីវិលជិត៣០ឆ្នាំ ដោយសារតែអំពើរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ បានធ្វើឱ្យប្រទេសរងនឹងភាពខ្ទេចខ្ទាំដោយមហាវិនាសកម្មសង្គ្រាម, ប្រទេសត្រូវបានធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហមរវាងពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ ដែលមានមនុស្សស្លាប់ជាងបីលាននាក់ ក្នុងរយៈពេលតែ៣ឆ្នាំ៨ខែ២០ថ្ងៃ។

ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩, ការធ្វើគនិងថ្លង់របស់សហគមន៍អន្តរជាតិ ដែលបន្តទទួលស្គាល់របបដឹកនាំកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថា ជារបបខ្មែរក្រហមនៅលើឆាកអន្តរជាតិ បានអូសបន្លាយសង្គ្រាមបំផ្លិចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិជាតិ និងប្រជាជន។

សង្គ្រាមស៊ីវិលក្រោយមកត្រូវបានបញ្ចប់ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ដោយក្រុមគណៈរដ្ឋមន្ត្រីខ្មែរក្រហមទាំងអស់ បាននាំគ្នាមកផ្ទះសម្តេចតេជោ ហ៊ុន សែន នៅក្នុងក្រុងតាខ្មៅ ដើម្បីធ្វើការចុះចូលបញ្ចប់សង្គ្រាម។ សន្តិភាពពិតប្រាកដ បានចាប់ផ្តើមមានតាំងពីពេលនោះមក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមធ្វើនយោបាយទុច្ចរឹត ដើម្បីប៉ុនប៉ងផ្តួលរំលំការដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន នៅមិនទាន់អស់ទាំងស្រុងនៅឡើយទេ។ ជាមួយនឹងការរកឃើញនូវ ឧបាយកលបំរុងបង្កើតរដ្ឋាភិបាលនិរទេសមួយ នៅខាងក្រៅប្រទេសនោះ សម្តេចតេជោបានថ្លែងថា គេនឹងមិនខ្លាចកម្ចាត់ក្រុមទាំងនោះចោល ដើម្បីមិនឱ្យសន្តិភាពដែលកម្ពុជាបានរកដោយលំបាករយៈពេល២៥ឆ្នាំរួចមកនេះ ចាកចេញពីមាតុភូមិកម្ពុជាទៀតបានឡើយ។

មិនមានសេចក្តីរាយការណ៍បញ្ជាក់ជាផ្លូវការណាមួយ ជុំវិញការចង់បង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសឡើយ ប៉ុន្តែមុននេះធ្លាប់មានសេចក្តីរាយការណ៍លេចធ្លាយមួយ ពីសហគមន៍ខ្មែរក្នុងប្រទេសបារាំង ដែលនិយាយថា មនុស្សម្នាក់ដែលចង់បង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសនោះឈ្មោះ ប៉ែន វ៉ាណូ ដែលជាមនុស្សជំនិតរបស់មេខ្លោងក្បត់ជាតិបីជំនាន់សមរង្ស៊ី។

ads banner