ឯកឧត្តម នេត្រ ភក្ត្រា ៖ រាជរដ្ឋាភិបាល នៅតែបន្ត គិតគួរពីសុខមាលភាព របស់ប្រជាពលរដ្ឋ
(ភ្នំពេញ)៖ វិស័យសុខាភិបាល គឺជាគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលដាក់ចុះដើម្បីគិតគួរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ គឺពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ដោយបន្តអភិវឌ្ឍវិស័យសុខាភិបាល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសុខសុវត្ថិភាព សុខភាពល្អ លើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសន្តិភាព ។
ជាមួយនឹងការតាំងចិត្តរបស់រាជរដ្ឋាភិបាល ក៏បានផ្តោតលើគោលដៅធំចំនួនពីរ គឺ ទី១ ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីហានិភ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀតដែលលេចឡើងជាយថាហេតុក្នុងពេលបច្ចុប្បន្ន និងទៅអនាគត, ទី២ លើកកម្ពស់សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះដូចជាស្រ្តី កុមារ វ័យជំទង់ មនុស្សចាស់ជរា ជនមានពិការភាព តាមរយៈការពង្រឹងភាពធន់នៃប្រពន្ធ័សន្តិសុខ សុខភាព និងទំនើបភាវូបនីយកម្មប្រពន្ធ័ផ្តល់សេវាថែទាំសុខភាព ក្នុងដំណើរឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា នាដំណាច់ឆ្នាំ២០៣០ ។
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល តាមបណ្តាស្រុក ក្រុង ក្នុងខេត្តក្រចេះ និងផ្តល់ថ្នាំវីតាមីន C ទុកសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋាននានាផងដែរ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាលខេត្តក្រចេះ ។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព វិជ្ជាជីវៈ ជូនដល់ប្រជាពលរដ្ឋ និងជាការកសាងនូវជំនឿទុកចិត្តរបស់ពលរដ្ឋចំពោះសេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ៕
ដោយ ៖ ង៉ាន់ ទិត្យ