អ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូងធ្វើតេស្តចាក់សារធាតុវិទ្យុសកម្មទៅក្នុងស្នែងរមាស

ប្រេតូរីយ៉ា៖ អ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូងថ្មីៗនេះ បានសាកល្បងចាក់បញ្ចូលសារធាតុវិទ្យុសកម្មទៅក្នុងស្នែងរមាសផ្ទាល់ ដែលនេះជាគម្រោងមានគោលបំណងទប់ស្កាត់ការបរបាញ់ខុសច្បាប់ ដើម្បីសម្លាប់សត្វរមាសយកស្នែង។

លោក James Larkin នាយកនៃអង្គភាពវិទ្យុសកម្ម និងរូបវិទ្យាសុខភាពរបស់សាកលវិទ្យាល័យ Witwatersrand ដែលដឹកនាំគំនិតផ្តួចផ្តើមនេះ បានប្រាប់ឱ្យដឹងថា លោកបានដាក់ បន្ទះឈីបវិទ្យុសកម្មតូចពីរ និងចាក់បញ្ជូលសារធាតុវិទ្យុសកម្មទៅក្នុងស្នែងសត្វរមាស។

លោកបន្ថែមថា ក្រោយធ្វើរួច សត្វរមាសនឹងមិនមានអារម្មណ៍ឈឺចាប់អ្វីឡើយ ហើយថា កម្រិតសារធាតុវិទ្យុសកម្មមានកម្រិតទាបខ្លាំងណាស់ វានឹងមិនប៉ះពាល់ដល់សុខភាពសត្វ ឬបរិស្ថានតាមវិធីណាមួយឡើយ។ ការធ្វើបែបនេះ នឹងនាំឱ្យស្នែងសត្វរមាសលែងក្លាយជារបស់សំខាន់ និងមានតម្លៃសម្រាប់ពួកបរបាញ់ខុសច្បាប់ទៀតហើយ។

កាលពីខែកុម្ភៈ ក្រសួងបរិស្ថានអាហ្វ្រិកខាងត្បូង បាននិយាយថា ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ពាណិជ្ជកម្មស្នែងរមាសខុសច្បាប់ក៏ដោយ ក៏ថនិកសត្វខ្នាតយក្សចំនួន ៤៩៩ក្បាលនេះ ត្រូវបានសម្លាប់ក្នុងឆ្នាំ ២០២៣ ដែលភាគច្រើននៅក្នុងឧទ្យានគ្រប់គ្រងដោយរដ្ឋ។

ប្រទេសអាហ្រ្វិកខាងត្បូង ត្រូវបានគេចាត់ទុកថា ជាដែនជម្រករបស់សត្វរមាសច្រើនជាងគេនៅលើពិភពលោក ហើយជាកន្លែងពេញនិយមសម្រាប់ការបរបាញ់ ដែលជំរុញដោយតម្រូវការពីតំបន់អាស៊ី ដែលប្រើស្នែងរមាសធ្វើជាឱសថបុរាណព្យាបាលជំងឺយ៉ាងមានប្រសិទ្ធភាព។

ស្នែងរមាសមានតម្រូវការខ្លាំងនៅលើទីផ្សារងងឹត ដោយសារតែតម្លៃវាអាចលក់បានខ្ពស់ ដូចគ្នាទៅតម្លៃមាស និងគ្រឿងញៀនកូកាអ៊ីន។ សត្វរមាសប្រហែល ១៥,០០០ក្បាល បច្ចុប្បន្នរស់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង នេះបើយោងតាមការប៉ាន់ស្មានដោយមូលនិធិរមាសអន្តរជាតិ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner