សាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN ប្រារព្ធ ខួប១ឆ្នាំ ជាមួយនិងការអំពាវនាឱ្យមានការគាំទ្រផលិតលផលក្នុងស្រុក
(ភ្នំពេញ)៖ សាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN របស់ក្រុមហ៊ុន KHMER HOUSEHOLD & HEALTHCARE ដែលជាផលិតផលសាប៊ូសរីរាង្គដំបូងគេមួយរបស់កម្ពុជា បានរៀបចំពិធីជប់លៀងអបអរសាទរ ខួប១ឆ្នាំ របស់ខ្លួនជាមួយនិងការអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ ងាកមកជួយគាំទ្រផលិតផល ដែលផលិតឡើងនៅក្នុងស្រុក ដើម្បីជំរុញឱ្យមានការរីកចំរើន ចូលរួមបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ។
ពិធីជប់លៀង អបអរសាទរនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធីបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងដោយមានការចូលរួមពី នាយកប្រតិបត្តិក្រុម ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន IG Trading Group ក្រុមការងារ បុគ្គលិក និងដៃគូអាជីកម្មជាច្រើនរូប ។
លោក សាង ប៉េងគឺ នាយកប្រតិបត្តិក្រុមហ៊ុន KHMER HOUSEHOLD & HEALTHCARE បានគូសបញ្ជាក់ថា ក្រុមហ៊ុនបានវិនិយោគអស់រយៈពេល១០ ឆ្នាំមកហើយ ដោយមានម្ចាស់ភាគហ៊ុន ៥រូបក្នុងនោះខ្មែរ ៤រូប និងជនជាតិកូរ៉េមួយរួប ជាមួយនិងការបង្កើតសាប៊ូក្លិននេះឡើង ។ បន្ថែមពីនេះ លោកបានគូសបញ្ជាក់បន្ថែមថា ក្រៅពីសាប៊ូក្លិនផលិតប្រមាណជា ៧៥មុខ ផងដែរ ។
លោកនាយកក្រុមហ៊ុនរូបនេះ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរ សូមចូលរួមគាំទ្រ ផលិតផល ដែលបានផលិតឡើងក្នុងស្រុក មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុកនោះទេ។
លោក ច័ន្ទ បញ្ញារិទ្ធ នាយកប្រតិបត្តិ ក្រុមហ៊ុន អាយជី ត្រេឌីងគ្រុប ឯ.ក គូសបញ្ជាក់ថា បច្ចុប្បន្ននេះ វត្ថុធានដើម សំរាប់ធ្វើការផលិតសាប៊ូក្លិននេះឡើង គឺត្រូវបានយកវត្ថុធាតុដើមពីក្រៅប្រទេស ជាមួយនិងអ្នកផ្គត់ផ្គង់ដែលមានកេរ្ត៍ឈ្មោះ និងមានគុណភាពល្អ ដើម្បីយកមកផលិតនូវផលិតផលប្រកបដោយគុណភាព សំរាប់លក់នៅលើទីផ្សារកម្ពុជា។
លោកក៏បានបង្ហាញពីឧបស័គ្គរារាំងមួយចំនួននៅលើទីផ្សារ ក្នុងនោះអ្នកចែកចាយ ហាក់មិនគាំទ្រផលិតផលក្នុងស្រុក ដោយសំអាងថាផលិតផលនេះគឺជាផលិតផលថ្មី និងបញ្ហាប្រឈមទី២គឺអ្នកប្រើប្រាស់មិនសូវជាគាំទ្រនូវផលិតផលនេះទេ ហើយចង់ឱ្យមានតម្លៃធូរថ្លៃជាងផលិតផលនាំចូល។
ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី មានប្រសាសន៍ថា វត្តមានរបស់ក្រុមហ៊ុន KHMER HOUSEHOLD & HEALTHCARE និង ក្រុមហ៊ុន IG TRADING GROUP ដែលជាការបំពេញខ្សែច្រវាក់ផ្គត់ផ្គង់ដល់តម្រូវការរបស់អ្នកប្រើប្រាស់ក្នុងស្ថានភាពនេះ ពិតជាកំពុងឆ្លើយតប ត្រូវនឹងពេលវេលា បានយ៉ាងល្អ។
ឯកឧត្តម រដ្ឋមន្រ្តី ក៏បានថ្លែងនូវការ លើកទឹកចិត្តដល់ក្រុមហ៊ុន ដែលក្នុងនាម វិស័យឯកជន បានខិតខំប្រឹងប្រែង និងចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើតសមិទ្ធផលទាំងអស់នេះ ឆ្លើយតប ទៅនឹងការអភិវឌ្ឍវិស័យឧស្សាហកម្ម តម្រូវការទីផ្សារ និងតម្រូវការរបស់ប្រជាពលរដ្ឋ បន្ថែមលើសមិទ្ធផលជា ច្រើនរាប់មិនអស់របស់ប្រទេសជាតិ ។
ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងក៏កំពុងជំរុញចលនាបង្កើនផលិតកម្ម និងផលិតភាពនៃឧស្សាហកម្មក្នុង ស្រុក ជាពិសេស ការផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច ពីធនធានដែលមានក្នុងស្រុក ដើម្បីកសាងខ្សែច្រវាក់ផ្គត់ផ្គង់មួយ ដើម្បីជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូល, បង្កើតនិងបង្កើនតម្លៃ បន្ថែមខ្ពស់ និង បង្កើនការងារជូនផលិតករ និង អ្នកកែច្នៃក្នុងស្រុកផ្សេងទៀត ។
ឯកឧត្តម រដ្ឋមន្រ្តី គូសបញ្ជាក់ថា «បើចង់ឱ្យប្រទេសយើងកាន់តែធូរធារ ទាល់តែយើងជាប្រទេសផលិត ប្រទេសកែច្នៃ និងជាប្រទេសបង្កើត តម្លៃបន្ថែម មិនត្រឹមតែជាប្រទេសប្រើប្រាស់នោះទេ ។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តក្រុមហ៊ុនឱ្យមាន នវានុវត្តន៍ជាប្រចាំ មិនថាជាការបង្កើតរូបមន្តថ្មី ការរៀបចំផលិតកម្មដែលធានាចីរភាពបរិស្ថាន ការលើកកម្ពស់សុខុមាលភាពអ្នកប្រើប្រាស់ ការវេចខ្ចប់ (Packaging) ការដាក់តាំងបង្ហាញ ការផ្សព្វផ្សាយ និងការ ចែកចាយផលិតផល ដើម្បីបង្កើនភាពទាក់ទាញជាប្រចាំដល់ផលិតផលក្នុងស្រុករបស់យើង៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា