អ្នក​នាំពាក្យក្រសួងព័ត៌មាន៖ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមិនត្រូវស្ថិតត្រឹមលើបបូរមាត់ទេ!

ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមិនត្រូវស្ថិតត្រឹមលើបបូរមាត់ទេ តែត្រូវមានការវាស់វែង។នៅកម្ពុជាបច្ចុប្បន្ន គ្រប់តួអង្គទាំងអស់ ទាំងប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋនិងឯកជន ដែលប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈនិងគោលការណ៍សុចរិតភាព សុទ្ធសឹងរួមចំណែក ក្នុងការលើក កម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងចូលរួមយ៉ាងសកម្មក្នុងការលើកតម្កើងសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន​នៅកម្ពុជា។ ជាក់ស្តែង អ្នកសារព័ត៌មានចំនួនប្រមាណ៨០ភាគរយ ក្នុងចំណោមអ្នកដែលបានចូលរួមសរុបក្នុងការស្ទង់មតិ​ឆ្នាំ២០២៤​ស្តីពី​ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នក​សារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាព និងដោយឯករាជ្យភាព ក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការ​សរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ នេះជាប្រសាសន៍របស់អ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានលើក​ឡើង​យ៉ាងដូច្នេះ​សម្រាប់ជាការឆ្លើយតបទៅនឹងមតិមួយចំនួនតូចដែលបានបង្ហាញក្តីបារម្ភអំពីការធ្លាក់ចុះនូវសារព័ត៌មានឯករាជ្យ។

ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានពន្យល់បន្ថែមថា ទិន្នន័យឆ្នាំ២០២៣របស់ក្រសួងព័ត៌មានបានបង្ហាញថា កម្ពុជាសព្វថ្ងៃមានអង្គភាពសារព័ត៌មានចំនួនជាងពីរពាន់អង្គភាព ហើយមានអ្នកសារព័ត៌មានចំនួនប្រមាណមួយម៉ឺននាក់ ទាំង​ប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប បាននិងកំពុងអនុវត្តការងារចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ក៏ដូចជា​ធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានាបានដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព ហើយទទួល​បានការទុកចិត្ត និងការគាំទ្រពីសាធារណជនទូទៅគ្រប់មជ្ឈដ្ឋានទាំងអស់។ សកម្មភាពទាំងនេះ បាន និងកំពុងចូល​រួមយ៉ាងសកម្ម​ក្នុងការធានាការទទួលព័ត៌មានរបស់ប្រជាជននៅទូទៅប្រទេស ប្រកបដោយគុណភាពនិងសុវត្ថិភាព សម្រាប់ផ្តល់​ព័ត៌មាន​ពិត គ្រប់ជ្រុងជ្រោយ ព្រមទាំងផ្តល់ចំណេះដឹងសម្បូរបែបលើគ្រប់វិស័យក្នុងសង្គម ស្របតាមតម្រូវការប្រចាំថ្ងៃ និងគាំទ្រ​ដល់ការធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការលើកកម្ពស់ជីវភាពរស់នៅបានកាន់តែប្រសើរ។

ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ក្រសួងព័ត៌មានបានចេញផ្សាយ «របាយការណ៍ស្តីពី​ស្ថានភាព​សេរីភាពសារព័ត៌មាននៅកម្ពុជា» ក្រោយពីក្រសួងបានចំណាយពេលវេលាក្នុងការសិក្សាយ៉ាងម៉ត់ចត់ ដោយផ្អែកលើ​មូលដ្ឋាននិងវិធីសាស្ត្រស្រាវជ្រាវបែបវិទ្យាសាស្ត្រដែលមានការទទួលស្គាល់ ព្រមទាំងមានការចូលរួមពីសំណាក់អ្នកសារព័ត៌មាន​នៅទូទាំងប្រទេស បុគ្គលសំខាន់ៗ និងតំណាងក្នុងវិស័យព័ត៌មានពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា។ ការសិក្សានេះ បានទទួលការ​សាទរពីស្ទើរគ្រប់មជ្ឈដ្ឋានក្នុងសង្គម ក៏ដូចជាពីសំណាក់ថ្នាក់ដឹកនាំក្នុងស្ថាប័ននីតិបញ្ញត្តិ និងរាជរដ្ឋាភិបាលទៀតផង។ លទ្ធផលនៃ​ការសិក្សានេះបានបង្ហាញថាអ្នកសារព័ត៌មានចំនួន ៧៩,៨ភាគរយ ក្នុងចំណោមអ្នកចូលរួមក្នុងការស្ទង់មតិសរុប បានឆ្លើយថា​សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ និងមានភាពសម្បូរបែបទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប។

ឯកឧត្តម ទេព អស្នារិទ្ធ បានគូសបញ្ជាក់បន្ថែមផងដែរអំពីសារៈសំខាន់របស់របាយការណ៍នេះដោយបានលើកឡើងថា តាមរយៈ​ការសិក្សានេះ កម្ពុជាបានបង្ហាញភាពជាម្ចាស់លើការអភិវឌ្ឍវិស័យព័ត៌មានប្រកបដោយបរិយាបន្ន ព្រោះការសិក្សានេះជា​ការស្រាវ​ជ្រាវនិងវាយតម្លៃលើស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដោយកម្ពុជាខ្លួនឯងផ្ទាល់ និងដោយមានការចូលរួមពីអ្នកសារព័ត៌មាន និងតួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាន។
ដោយឡែកទាក់ទងនឹងសារព័ត៌មានឯករាជ្យ ក៏មានមតិមួយចំនួនផ្សេងទៀតបាន​ចោទសួរវិញដែរថាតើគេមានអីសម្រាប់​វាស់វែង​ដែរឬទេ? ឬវាអាចគ្រាន់តែជាលេសដើម្បីគាំទ្ររបៀបវារៈផ្សេងទៅវិញ ហើយផ្ទុយទៅវិញបានមើលរំលងស្ថានភាព​ពិតនាពេល​បច្ចុប្បន្នរបស់កម្ពុជា ជាពិសេសគឺភាពល្អប្រសើរនៃស្ថានភាពសេរីភាពសារព័ត៌មាន ក៏ដូចជាហាក់មិនបានផ្តល់តម្លៃចំពោះកិច្ចខិតខំ​របស់​រាជរដ្ឋាភិបាល និងសមិទ្ធផលដែលក្រសួងព័ត៌មានសម្រេចបាន ទាំងក្នុងក្របខណ្ឌនៃការអនុវត្តគោលនយោបាយអាទិភាព​របស់​ក្រសួង និងក្នុងក្របខណ្ឌនៃកិច្ចសហការជាមួយបណ្តាភាគីរដ្ឋនិងឯកជនពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាន សំដៅគាំទ្រភាព​ជោគជ័យលើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។ រីឯសារព័ត៌មានមួយចំនួនដែលបានទទួលមូលនិធិពីបរទេសគឺបានបម្រើរបៀបវារៈនយោបាយរបស់បរទេសដែលផ្តល់មូលនិធិនោះ តែបែរជាមកអះអាងថាខ្លួនជាអ្នកឯករាជ្យ ហើយបានក្រឡៃភាពល្អប្រសើរនៃសេរីភាពសារព័ត៌មាននៅកម្ពុជា (https://drive.google.com/drive/u/0/folders/1jUsHbFVosbV_nlj4ZUSW99jEKEtyLT8l) ថាធ្លាក់ចុះទៅវិញ។ តើនេះជារូបភាព៖ គីង្គក់លក់ថ្នាំស្រែងឬ?ដូចគ្នានេះដែរ ចំពោះការលើកឡើងអំពី​ស្ថានភាព​លំបាកដែលប្រព័ន្ធផ្សព្វផ្សាយបានជួបប្រទះ បញ្ហានេះមិនមែនជារឿងដោយឡែកសម្រាប់កម្ពុជាទេ ពោលគឺជាក្តី​បារម្ភរួមទាំងសម្រាប់កម្ពុជា ក៏ដូចជាបណ្តាប្រទេសនានាក្នុងតំបន់ផងដែរ ជាពិសេសពាក់ព័ន្ធនឹងការបិទទ្វារ ឬ ការផ្អាកដំណើរ​ការរបស់សារព័ត៌មានមួយចំនួន ដែលជាផលវិបាកកើតចេញពីរបត់នៃការវិវត្តក្នុងវិស័យបច្ចេកវិទ្យា និងឥទ្ធិពលនៃបរិវត្តកម្មឌីជីថល។ និន្នាការបែបនេះមិនមែនកើតឡើងតែនៅកម្ពុជាយើងទេ ពោលគឺវាក៏បានកើតឡើងតាមបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក​ផងដែរ។

ក្នុងនាមក្រសួងព័ត៌មានឯកឧត្តមអ្នកនាំពាក្យបានអំពាវនាវដល់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ឱ្យបន្តលើកកម្ពស់​ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ពង្រឹងការអនុវត្តតួនាទីនិងភារកិច្ចដោយគោរពច្បាប់ស្តីពីរបបសារព័ត៌មាន ក៏ដូចជាកសាង និងរក្សា​ទំនាក់ទំនងល្អជាមួយប្រភពព័ត៌មាន ក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយត្រូវបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ ហើយមិនត្រូវអនុវត្តលើសពីតួនាទីខ្លួនជាអ្នកសារព័ត៌មានឡើយ។ ជាងនេះទៀត អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានត្រូវបង្កើនភាពធន់នឹងការវិវត្តផ្នែកឌីជីថល បន្តដុសខាត់បន្ថែមទៀតនូវ​សមត្ថភាព​ជំនាញ​ដើម្បីបន្តចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត ជាមួយខ្លឹមសារប្រកបដោយគុណភាព គ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ និងមានតុល្យភាពព័ត៌មាន ដើម្បីធានាភាពជឿជាក់ និងទុកចិត្តបានពីសំណាក់ប្រជាជន សង្គមជាតិទាំងមូល សម្រាប់រួមចំណែកលើកកម្ពស់វិស័យព័ត៌មានជាអំណាចទី៤ក្នុងសង្គម និងគាំទ្រដល់ការការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner