សហភាពពលកម្មជាតិកម្ពុជា ស្នើឱ្យក្រសួងមហាផ្ទៃ មានចំណាត់ការ តាមផ្លូវច្បាប់ចំពោះអង្គការសង់ត្រាល់

ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា (NLC) តំណាងឱ្យកម្មករនិយោជិតជាង ៧ម៉ឺននាក់ មកពីគ្រប់វិស័យ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះបានដាក់ញាត្តិជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើសំណើសុំជួយពន្លឿនបើកការសើបអង្កេត និងមានចំណាត់ការតាមផ្លូវច្បាប់ចំពោះអង្គការ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា(សង់ត្រាល់)។

លោក តែប តុន ប្រធានសហព័ន្ធសហជីពអភិវឌ្ឍន៍កម្មករ និងជាអនុប្រធានសហភាពពលកម្មជាតិកម្ពុជា បានឱ្យដឹងថា របាយការណ៍សង់ត្រាល់ កាលពីថ្ងៃទី៤ ខែមិថុនា មានចំណងជើងថា« របាយការណ៍ឧបសគ្គរារាំង ភាពជាតំណាង ស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា» មានចំនួន ១២ទំព័រនោះ គឺជាបាយការណ៍ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ មានខ្លឹមសារ ញុះញុងឱ្យមានការរើសអើង លាបពណ៌ធ្វើឱ្យមានការបែកបាក់ធ្ងន់ធ្ងរ ។

លោកបន្តថា របាយការណ៍របស់សង់ត្រាល់ មានលក្ខណៈបែបប្រឆាំងមកលើរដ្ឋាភិបាល ដែលផ្អុយពីរ របាយការណ៍របស់អង្គការ ILO-BFC គឺឆ្លុះបញ្ចាំងឃើញថា កម្ពុជាយើងមានសេរីភាពសហជីព ហើយមានការអភិវឌ្ឍ មានវឌ្ឍនភាពរីកចម្រើន។

លោកបញ្ជាក់ថា សង់ត្រាល់ប្រមូលព័ត៌មាន តែជាមួយសហជីពគូកនរបស់ខ្លួន ដើម្បីធ្វើរបាយការណ៍ ហើយលើកថាខ្លួនឯងឯករាជ្យ ចោទប្រកាន់សហជីពស្របច្បាប់ដទៃទៀត ថាមិនឯករាជ្យ។

មិនតែប៉ុណ្ណោះ របាយការណ៍ របស់អង្គការសង់ត្រាល់ មិនបានឆ្លុះបញ្ចាំងពីការពិតក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតផលស្បែកជើង កាបូប និងវិស័យផ្សេងៗទៀតនោះឡើយ។ ផ្ទុយទៅវិញរបាយការណ៍នេះបានបង្ហាញអំពី ចរិតនយោបាយ បន្ទុចបង្អាក់ បង្កាច់បង្ខូច បំភ្លៃការពិត បំផ្លាញមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ ប៉ះពាល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចប្រជាពលរដ្ឋ និងកម្មករនិយោជិត តាមបង្គាប់បញ្ញាបរទេសដែលជាម្ចាស់ជំនួយ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner