សម្តេចធិបតីចួលរួមទិវា “ទិវាមច្ឆជាតិ” ជាលើកដំបូង នៅក្នុងខេត្តកំពង់ចាម (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបានអញ្ជើញចូលរួមក្នុងកម្មវិធី “ទិវាមច្ឆជាតិ” លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់, ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការព្រលែងត្រី និងវារីសត្វប្រមាណជាង ១លាន ៥សែនក្បាល ចូលក្នុងដែនទន្លេ។

ទិវាមច្ឆជាតិ១កក្កដា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក «ជាទិវាដ៏សំខាន់មួយ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាយល់ដឹង ក្នុងចំណោមប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិផង និងបង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសនៅតាមតំបន់សមស្រប នៃវាលទំនាប និងនៅតាមវាលស្រែទូទាំងប្រទេស»។

ការចូលរួមក្នុងកម្មវិធី “ទិវាមច្ឆជាតិ” របស់សម្តេចធិបតី គឺជាលើកទីមួយហើយ បន្ទាប់ពីបានឡើងគ្រប់គ្រងរាជរដ្ឋាភិបាលថ្មី ចាប់តាំងពីថ្ងៃទី២២ សីហា ឆ្នាំ២០២២៣។

ក្នុងទិវាមច្ឆជាតិ១កក្កដានេះ ត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ ១លាន ៥សែនក្បាល ដូចជាត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយជាដើម ត្រូវបានព្រលែងចូលក្នុងបឹងធំ នៃខេត្តកំពង់ចាមនេះ។

រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលជាគោលនយោបាយបន្តមកពីអាណ្ណត្តិមុន។

សម្តេចធិបតីបានថ្លែងថា ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជាមិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញ សម្រាប់ប្រជាជននៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតបានលើសពីតម្រូវការ និងបាននាំចេញផលិតផលកសិកម្មជាង ៨លានតោន ដោយបាននាំមកវិញនូវចំណូលជារូបិយបណ្ណអន្តរជាតិជិត ៥ពាន់លានដុល្លារផងទៀត។

សម្តេចធិបតីបានថ្លែងបញ្ជាក់នូវកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការនាំផលិតផលកសិកម្មរបស់ខ្មែរក្នុងស្រុក នាំចេញទៅលក់លើទីផ្សារអន្តរជាតិ និងការគិតគូរលើតុល្យភាពរវាង អ្នកទិញ និងអ្នកលក់ថែមទៀត។

ads banner