លោក Pham ជំរុញកូរ៉េខាងត្បូង បង្កើនវិនិយោគនៅវៀតណាម
សេអ៊ូល៖ អំឡុងវេទិកាសេដ្ឋកិច្ចរួមគ្នា រវាងកូរ៉េខាងត្បូងនិងវៀតណាម កាលពីថ្ងៃចន្ទ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអំពាវនាវឱ្យមានការវិនិយោគបន្ថែមទៀត ពីសំណាក់វិនិយោគិនកូរ៉េខាងត្បូង នៅប្រទេសវៀតណាម។
វេទិកាសេដ្ឋកិច្ចកូរ៉េខាងត្បូង-វៀតណាម ត្រូវបានរៀបចំឡើង មានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោក Chinh ដែលកំពុងបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូង និយាយថា៖«ធុរកិច្ចវៀតណាមត្រូវតែទទួលបានការគាំទ្រ ដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក»។
លោកបានបន្តថា «វៀតណាម និងកូរ៉េខាងត្បូងគួរតែផ្លាស់ប្តូរបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាទំនើប និងជឿនលឿន ពីសំណាក់កូរ៉េខាងត្បូង»។
ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកូរ៉េខាងត្បូងបានឈានដល់ជិត ៨០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។ លោក Chinh បាននិងកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ ថ្ងៃទី៣ ខែកក្កដា នេះបើតាមកាសែត VNexpress៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត