ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ ៖ គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានសារៈសំខាន់ណាស់ បើយើងប្រហែសតែបន្តិច វានឹងនាំមកនូវគ្រោះថ្នាក់

(ភ្នំពេញ)៖ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍លើកឡើងថា នៅ៦ខែដើមឆ្នាំ២០២៣នេះ អាជ្ញាធររាជធានីភ្នំពេញ បានអនុវត្តនូវគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពយ៉ាងម៉ឹងម៉ាត់ ជាក់ស្តែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ រក្សាបានសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ។

ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍បន្តទៀតថា គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានសារៈសំខាន់ណាស់ បើយើងប្រហែសតែបន្តិច វានឹងនាំមកនៅគ្រោះថ្នាក់ ហើយអ្វីដែលសំខាន់នោះ គឺការបង្ការ ទប់ស្កាត់បទល្មើស បើមានបទល្មើសកើតហើយ ទើបយើងបង្ក្រាប វាមិនល្អជាងការបង្ការ ទប់ស្កាត់ជាមុននោះទេ។ ដើម្បីឱ្យប្រជាពលរដ្ឋមានសន្តិសុខ លុះត្រាតែកម្លាំងអាជ្ញាធរ រាជធានីខេត្ត ស្រុក ខណ្ឌ រក្សាបានសន្តិសុខ។ សន្តិសុខ សណ្តាប់ធ្នាប់ផ្តើមចេញបុគ្គលខ្លួនឯង បើបុគ្គលខ្លួនឯង មានសន្តិសុខ អាជ្ញាធរ រាជធានីខេត្ត ស្រុក ខណ្ឌ មានសន្តិសុខ នោះប្រទេសជាតិទាំងមូលក៏មានសន្តិសុខពេញបរិបូរណ៍ដែរ។

ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលសម្រេចប្រចាំឆ្នាំ២០២៣ និងទិសដៅបន្តរបស់ក្រុមការងារទី១ នៃក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ។

ឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ លក្ខណសម្បត្តិទាំង ០៧ចំណុច នៃគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”គឺ ១- ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
២- គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣- មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
៤- គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារនិងគ្មានក្មេងទំនើង។
៥- ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦- មានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព ៕

ដោយ ហេង សម្បត្តិ+ថេងត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner