ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាលសិស្សនគរបាលជ័យលាភីនៅសាលានគរបាលជាតិភូមិភាគ២

(កំពង់ចាម)៖ អគារសាលសហសិក្សា ផ្ទាំងLED តុ កៅអី សម្ភារៈគាំទ្រ ផ្លូវ និងសួនច្បារអមជុំវិញបរិវេណអគារ គឺជាសមិទ្ធផលថ្មីៗបន្ថែមទៀត នៃសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ដែលត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាមួយគ្នា និងបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ ដល់សិស្សនគរបាលជ័យលាភី នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ។

លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ២ បានឱ្យដឹងថា សមិទ្ធផលដែលសម្ពោធនាថ្ងៃនេះ រួមមាន អគារសាលសហសិក្សាកម្ពស់ ១ជាន់ ១ខ្នង ទទឹង ១៣.៥០ម៉ែត្រ បណ្តោយ៤៥ម៉ែត្រ ដំបូលប្រក់ក្បឿង ដោយបំពាក់ម៉ាស៊ីនLED ខ្នាតធំចំនួន ១គ្រឿង ម៉ាស៊ីនត្រជាក់ចំនួន ១២គ្រឿង ឧបករណ៍បំពងសំឡេង តុ កៅអី វាំងននក្នុងសាលសហសិក្សា បន្ទប់ទឹក ផ្លូវនិងសួនច្បារអមជុំវិញបរិវេណអគារ ព្រមទាំងសម្ភារៈគាំទ្រមួយចំនួនក្នុងតម្លៃទឹកប្រាក់ជាង ២៧៥ ០០០ដុល្លារអាម៉េរិក ។

សមិទ្ធផលទាំងនេះ កើតឡើងតាមរយៈគំនិតដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យមានការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា សាលានគរបាលជាតិភូមិភាគ២ក៏មានលទ្ធភាពកសាងនូវសមិទ្ធផលធំៗជាច្រើន ជាក់ស្ដែងសមិទ្ធផលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអម្បាញ់មិញនេះ ជាអំណោយ ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ព្រមទាំងសប្បុរសជនដ៏ថ្លៃថ្លា។

ដោយឡែកសម្រាប់ការងារបណ្ដុះបណ្ដាល លោកឧត្តមសេនីយ៍ទោ បានឱ្យដឹងទៀតថា ចាប់ពីពេលបង្កើតរហូតមកដល់ពេលនេះ សាលាបានបណ្ដុះបណ្ដាលកងកម្លាំងនគរបាលសរុបចំនួន ៧ ១៧៧នាក់ នារី ៧៥៤នាក់ ដែលក្នុងនោះ សិស្សនគរបាលជ័យលាភីដែលត្រូវទទួលវិញ្ញាបនបត្រសិក្សានៅពេលនេះមានចំនួន ១៩១នាក់ នារី ៥៩នាក់ ជាសិស្សនគរបាលមកពីអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ ដោយទទួលបានលទ្ធផលសិក្សានិងនិទ្ទេស ក្នុងនោះនិទេ្ទសA ល្អប្រសើរចំនួន ១នាក់ និទេ្ទសC ល្អបង្គួរ ចំនួន៦៧នាក់ និង និទេ្ទស B+ ល្អណាស់ ចំនួន៣៨នាក់ និទេ្ទស D មធ្យមចំនួន៣៧នាក់ និទេ្ទស B ល្អ ចំនួន ៤៨នាក់ជាមួយគ្នានេះដែរក៏មានសិស្សនគរបាល១នាក់បានស្នើសុំលើកពេលសិក្សា។

នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញក្ដី សង្ឃឹមយ៉ាងមុតមាំថា សិស្សនគរបាលជ័យលាភីទាំងអស់ នឹងយកចំណេះដឹង ដែលខ្លួនបានទទួលពីការបណ្តុះបណ្តាលនៅទីនេះ ទៅអនុវត្តជាក់ស្តែង ក្នុងន័យបម្រើឱ្យវឌ្ឍនភាព ក៏ដូចជាតម្រូវការរបស់អង្គភាពរៀងៗខ្លួន ក្នុងនោះសិស្សជ័យលាភីទាំងអស់ក៏នឹងក្លាយទៅជាកម្លាំងនគរបាលជាតិ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ចូលរួមចំណែកក្នុងការពារសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងបម្រើឱ្យផលប្រយោជន៍សង្គមជាតិទាំងមូល។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបង្ហាញក្ដីរីករាយ ដែលបានមកដល់ទីនេះជាថ្មីម្តងទៀត ក្នុងស្ថានភាពដែលសាលានគរបាលជាតិភូមិភាគ២ កំពុងតែមានវឌ្ឍនភាព គួរឱ្យកត់សម្គាល់ តាមរយៈការកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមមួយចំនួនទៀត ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ និងបានថ្លែងកោតសរសើរចំពោះបណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាសាលានគរបាលជាតិភូមិភាគ២ ដែលបានរៀបចំឱ្យមានពិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីបង្ហាញ និងដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលថ្មីៗដែលសម្រេចបាន និងលទ្ធផលនៃការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ ក្នុងពេលកន្លងមក។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ប្រទេសជាតិមួយ ក្រសួងមួយ ឬអង្គភាពដែលអាចរីកចម្រើនជឿនលឿនទៅបាន គឺអាស្រ័យដោយមានធនធានមនុស្សគ្រប់គ្រាន់ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់មិនអាចខ្វះបាន ។

ក្នុងន័យនេះឯកឧត្តមចាត់ទុកការងារបណ្តុះបណ្តាលមន្ដ្រីនគរបាលជាតិ គឺជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដោយគ្មានទីបញ្ចប់នោះទេ ក្នុងគោលដៅធ្វើឱ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្តី សមត្ថភាពជំនាញ និងអាកប្បកិរិយាល្អក្នុងការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គមល្អ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃអង្គភាពប្រើប្រាស់កងកម្លាំង ព្រមទាំងស្របតាមសភាពការណ៍សន្តិសុខជាតិ និងអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហាញការចាប់អារម្មណ៍ ប្រកបដោយមោទនភាពយ៉ាងខ្លាំង អំពីការវិវត្តរីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ ជាក់ស្ដែងថ្ងៃនេះ បានមកសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលថ្មីៗមួយចំនួនទៀតនៅសាលានគរបាលជាតិភូមិភាគ២ ដែលជាស្នាដៃការងារថ្មីៗបន្ថែមទៀត និងបានថ្លែងនូវការសរសើរ និងអរគុណចំពោះសប្បុរសជន ដែលបានជ្រោមមជ្រែង កៀរគរជំនួយ ឧបត្ថម្ភគាំទ្រ លើកទឹកចិត្ត ជំរុញការអភិវឌ្ឍ ដឹកនាំនិងណែនាំជាប់ជាប្រចាំដល់សាលានគរបាលជាតិភូមិភាគ២ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner