ប្រកួតគុនចម្រុះលើកដំបូង ទួន ស្រីភីន ចាត់ទុកជាការបន្ថែមជំនាញថ្មីពីលើគុនខ្មែរ
(ភ្នំពេញ)៖ ជាបទពិសោធថ្មីក្នុងការចូលរួមប្រកួតកីឡាគុនចម្រុះ កីឡាការិនី ទួន ស្រីភីន ទទួលស្គាល់ថា ពិតជាលំបាក តែក៏ចាត់ទុកជាការបន្ថែមជំនាញក្បាច់គុនថ្មីពីលើគុនខ្មែរដែលរូបនាងកំពុងតែហ្វឹកហាត់ស្រាប់។ ជាមួយគ្នានេះ យុវតីវ័យ២៤ឆ្នាំក៏មើលឃើញថា ទីផ្សារប្រកួតគុនចម្រុះលក្ខណៈអន្តរជាតិ ពិតជាមានច្រើន ដូច្នេះការបន្ថែមជំនាញក្បាច់គុននេះនឹងផ្ដល់ផលវិជ្ជមានដល់រូបនាង។

ស្រីភីន ពន្យល់ថា ការប្រើបច្ចេកទេសឃ្លេជាជំនាញថ្មីមួយដែលនាងត្រូវសម្របខ្លួន ព្រោះកន្លងមកប្រកួតតែលក្ខណៈឈរវាយទៅទៅវិញ តែសម្រាប់ការប្រកួតគុនចម្រុះ អាចវាយបានច្រើនស្ថានភាពទាំងឈរ និងដេក។

ទោះជាបទពិសោធថ្មីមែន ទួន ស្រីភីន អះអាងថា បានត្រៀមខ្លួន ១០០ភាគរយហើយសម្រាប់ការប្រកួត ដោយមិនខ្វល់លើលទ្ធផលទេ អ្វីដែលសំខាន់នោះ គឺប្រឹងប្រែងហ្វឹកហាត់ និងប្រកួតអស់ពីសមត្ថភាព។ ជាមួយគ្នានេះ កីឡាការិនីជម្រើសជាតិកម្ពុជាខាងលើក៏បានចាត់ទុកកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី(AMMA) លើកទី២ ហើយលោកបានចាត់ទុកវេទិកានេះ គឺជាឱកាសដើម្បីជំរុញការអភិវឌ្ឍយុទ្ធគុនចម្រុះកម្ពុជា ពិសេសក៏ដើម្បីជំរុញការផ្សព្វផ្សាយបន្ថែមពីក្បាច់គុនខ្មែរផងដែរ៕
ដោយ ៖ ជាវ ចន្ធូ