អ្នកនាំពាក្យក្រសួងការពារជាតិច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានមួយចំនួន ដែលបានចោទសួរពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដោយចោទប្រកាន់លើវត្តមាននាវាយោធា២គ្រឿងរបស់ចិន នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា, អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ចំនួន២ចំណុចដូចខាងក្រោម៖
១. នាវាយោធាចិន២គ្រឿងដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជានោះ ​គឺទើបតែមកដល់នាថ្មីៗនេះប៉ុណ្ណោះ ដែលជានាវាផ្លាស់ប្តូរវេនជាមួយនឹងនាវាយោធាចិនកន្លងទៅ តាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ ដើម្បីមកបណ្តុះបណ្តាលជំនាញបច្ចេកទេស អំពីការប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា មិនដូចការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal ដែលថា នាវានេះ បានចូលចតរយៈពេលជាងកន្លះឆ្នាំនោះឡើយ។
២.សូមច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយថា នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ​មានការបែងចែកតំបន់មូលដ្ឋានសម្រាប់នាវាយោធាចិនផ្សេង និងតំបន់មូលដ្ឋាននាវាយោធាកម្ពុជា។ ការផ្សព្វផ្សាយបែបនេះ ជាជាចេតនាបង្កឱ្យមានកាន់ច្រឡំ ហើយមិនមែនជាការពិតនោះឡើយ។ នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា កំពុងធ្វើការអភិវឌ្ឍជាបន្តន្ទាប់ ដោយក្នុងនោះមានតំបន់ខ្លះកំពុងសាងសង់ តម្រូវឱ្យមានការហាមឃាត់មិនឱ្យមានចេញចូលនោះឡើយ ដែលនេះជាកិច្ចការសម្ងាត់របស់កងទ័ព ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ

ads banner