សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប៧៣ឆ្នាំ កម្ពុជាចូលជាសមាជិករបស់អង្គការ UNESCO

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរខួប៧៣ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ (UNESCO)(៣ កក្កដា ១៩៥១-៣ កក្កដា ២០២៤)។ អង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ធ្វើការផ្តោតសំខាន់ទៅលើការអប់រំវិទ្យាសាស្ត្រ។

សម្តេចតេជោបានបញ្ជាក់ថា អង្គការនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ ដែលមានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។

សូមជម្រាបថា កម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៥១។ ការិយាល័យអង្គការយូណេស្កូនៅរាជធានីភ្នំពេញ ត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៩១។ ការិយាល័យយូណេស្កូនៅកម្ពុជា ធ្វើការងារនៅក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជា (UNDAF) ដែលសំដៅលើកកម្ពស់ការអប់រំ, បរិស្ថាន, ទំនាក់ទំនង និងព័ត៌មាន, មរតកវប្បធម៌, សេរីភាពនៃការបញ្ចេញមតិ និងវិទ្យាសាស្រ្តធម្មជាតិ ដើម្បីជាមធ្យោបាយឆ្ពោះទៅសម្រេចបាននូវរបៀបវាៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០៕
ដោយ៖ពលជ័យ

ads banner