រត់ជាន់គ្នា ស្លាប់មនុស្ស១២០នាក់ ក្នុងពេលជួបជុំសាសនា ឥណ្ឌា

បរទេស៖ មនុស្ស ១២១នាក់បានស្លាប់ ហើយមនុស្សមួយចំនួនទៀតរងរបួស នៅក្នុងពេលរត់ជាន់គ្នា អំឡុងការជួបជុំសាសនាមួយ នៅប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ។

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បាននិយាយថា ការជួបជុំសាសនាហិណ្ឌូនេះ ស្ថិតនៅភាគខាងជើង ប្រទេស ដោយហ្វូងមនុស្សយ៉ាងច្រើននាក់បានប្រមូលផ្តុំគ្នា ដើម្បីចូលរួមធម្មទេសនា នៅជាយទីក្រុង Hathras រដ្ឋ Uttar Pradesh។ ប្រភពបានចាត់ទុកថា វាគឺជាហេតុការណ៍រត់ជាន់គ្នាដ៏អាក្រក់ ពុំធ្លាប់មាន ក្នុងពេលជាង១០ឆ្នាំ។

ប្រភពបានបន្ថែមថា មនុស្សភ័យស្លន់ស្លោ ដួលលើគ្នាជាបន្តបន្ទាប់ ខណៈដែលពួកគេបានព្យាយាមចាកចេញ ក្រោយពេលបញ្ចប់ពិធី។ ស្ត្រីម្នាក់បានរៀបរាប់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ពេលចប់ការទេសនាភ្លាម មនុស្សគ្រប់គ្នា បានចាប់ផ្តើមរត់ចេញ ហើយមនុស្សក៏បានធ្លាក់ចូលក្នុងលូ នៅតាមផ្លូវ ក៏កើតមានការសង្កត់ពីលើគ្នា កៀបស្លាប់ដ៏រន្ធត់។

ឧប្បត្តិហេតុរត់ជាន់គ្នា ស្លាប់មនុស្ស កើតមានជាញឹកញាប់ នៅទីកន្លែងគោរពបូជា ក្នុងអំឡុងពេលពិធីបុណ្យសាសនាសំខាន់ៗ នៅប្រទេសឥណ្ឌា ក្នុងនោះ តែងតែមានអ្នកកាន់សាសនា រាប់លាននាក់ ធ្វើធម្មយាត្រាទៅកាន់ទីសក្ការៈ ជាដើម។

នាយករដ្ឋមន្រ្តីឥណ្ឌា លោក Modi បានប្រកាសផ្តល់សំណង ២៤០០ដុល្លារអាមេរិក ដល់សាច់ញាតិអ្នកដែលបានស្លាប់ និង ៦០០ដុល្លារ ដល់អ្នកដែលរងរបួស។ លោក Modi ប្រកាសចូលរួមការរំលែកទុក្ខ និងសូមជូនពរឱ្យអ្នករបួស ឆាប់ជាសះស្បើយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner