អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ លិខិតរបស់ក្រសួងមហាផ្ទៃជម្រាប​ទៅប្រធានអង្គការសង់ត្រាល់មិនមែនជាការគំរាមកំហែងនោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអះអាងថា លិខិតរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាបទៅលោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការអនុវត្តសកម្មភាព និងការចេញរបាយការណ៍របស់អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សកម្ពុជា និងឱ្យផ្តល់ព័ត៌មានរាល់គណនីដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា មកក្រសួងមហាផ្ទៃ ក្នុងរយៈពេល៣០ថ្ងៃ គឺមិនមែនជាការគំរាមកំហែងនោះទេ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លិខិតរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ជម្រាបទៅលោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា (សង់ត្រាល់) គឺមានចរិតទៅតាមច្បាប់ត្រឹមត្រូវ មិនមានការគំរាមកំហែងទៅដល់តួអង្គ ឬបុគ្គលណាទេ។ សូមមើលមាត្រា ១០ នៃច្បាប់ស្តីពីសមាគមអង្គការក្រៅរដ្ឋាភិបាល ដែលច្បាប់បានកំណត់ថា អង្គការសមាគមគឺត្រូវតែផ្តល់ព័ត៌មានអំពីគណនីធនាគាររបស់ខ្លួនមកកាន់ក្រសួងមហាផ្ទៃ និងទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងករណីដែលមិនផ្តល់ព័ត៌មាន គឺក្រសួងមហាផ្ទៃមានសិទ្ធិនៅក្នុងការជូនដំណឹងដើម្បីឱ្យខាងអង្គការសមាគមនោះផ្តល់ព័ត៌មានក្នុងអំឡុងពេល៣០ថ្ងៃ។ ខាងប្រធានអង្គការសង់ត្រាល់បានទទួលសារភាពហើយ ឬក៏ទទួលស្គាល់ហើយថា ខ្លួននឹងផ្តល់ព័ត៌មានទាក់ទងគណនីធនាគាររបស់អង្គការឱ្យបានមុន៣០ថ្ងៃ នេះគឺជាការទទួលស្គាល់របស់ប្រធានអង្គការសង់ត្រាល់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបន្តថា ការដែលលើកឡើងឱ្យក្រសួងមហាផ្ទៃធ្វើបែបនេះ ធ្វើបែបនោះ គឺបញ្ជាក់ពីការដាក់សម្ពាធ ឬក៏បង្ខិតបង្ខំឱ្យស្ថាប័នរដ្ឋមួយស្តាប់បង្គាប់ខ្លួន ដូច្នេះយើងមិនអាចធ្វើបែបនោះបានទេក្នុងទិដ្ឋភាពច្បាប់។ អ្វីដែលយើងធ្វើតាមច្បាប់ គឺមិនមែនជាការគំរាមកំហែងទេ ដូចជាការទទួលលិខិតស្នើសុំពីសមាគម ឬក៏សហជីព គឺក្រសួងមហាផ្ទៃទទួលតាមផ្លូវច្បាប់ ប៉ុន្តែមិនមែនចេះតែធ្វើទៅតាមអ្វីដែលខុសអំពីច្បាប់ឡើយ។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើលិខិតជម្រាបទៅលោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សកម្ពុជា ស្តីពីការអនុវត្តសកម្មភាពនិងការចេញរបាយការណ៍របស់អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានជម្រាបជូនលោក មឿន តុលា ថា ក្រសួងមហាផ្ទៃ បានទទួលនូវពាក្យបណ្ដឹង និងសេចក្តីថ្លែងការណ៍របស់បណ្តាសហជីពសម្ព័ន្ធសហជីព សហព័ន្ធសហជីព និងសមាគមជាច្រើន ពាក់ព័ន្ធនឹងការធ្វើសកម្មភាព និងការចេញរបាយការណ៍របស់អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាព ការងារនិងសិទ្ធិមនុស្សកម្ពុជា (សង់ត្រាល់) ដែលមានចំណងជើងថា «ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាព សហជីពនៅកម្ពុជា» ដែលត្រូវបានរិះគន់ថា មានលក្ខណៈលម្អៀង ពុំយុត្តិធម៌ យកមតិភាគតិចមកវាយតម្លៃ ស្ថានភាពទាំងមូល ដោយពុំបានឆ្លុះបញ្ចាំងពីការពិតនៃស្ថានភាពសេរីភាពសហជីពនៅកម្ពុជាធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសជាតិ និងជះឥទ្ធិពលមិនល្អដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅក្នុងប្រទេសកម្ពុជាទាំងមូល។ ក្នុងន័យនេះ អនុវត្តតាមស្មារតីនៃមាត្រា៣០ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រសួងមហាផ្ទៃសូមក្រើនរំលឹកចំពោះអង្គការសង់ត្រាល់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់អង្គការ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទន្ទឹមនេះ អង្គការលោកត្រូវផ្តល់ព័ត៌មានរាល់គណនីដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា មកក្រសួងមហាផ្ទៃក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះជាកំណត់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្នុងករណីអង្គការសង់ត្រាល់ មិនបានបំពេញកាតព្វកិច្ចតាមសេចក្តីជូនដំណឹងនេះ នឹងត្រូវរងវិធានការ តាមផ្លូវច្បាប់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន៕
ដោយ៖ពលជ័យ

ads banner