៤០ថ្ងៃដាក់គុកក្មេងទំនើងបានជាង ១ពាន់នាក់ (Video Inside)

ការបង្ក្រាបក្រុមក្មេងទំនើងនៅតែមានសកម្មភាពគួរឱ្យកត់សម្គាល់នៅឡើយ ជាពិសេសក្នុងរយៈពេលជាង ៤០ថ្ងៃកន្លងមកនេះ ចាប់តាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវបទបញ្ជាបង្ក្រាបក្រុមបង្កចលាចលក្នុងសង្គមនេះ។

ក្រុមក្មេងទំនើង គឺជាក្រុមដែលភាគច្រើនមានប្រភពពីក្មេងមិនស្តាប់បង្គាប់ឱពុកម្តាយ និងគ្រូបង្រៀន ដែលក្រុមក្មេងទាំងនេះ តែងប្រើប្រាស់ដាវសាមូរ៉ៃ និងឧបករណ៍ផ្សេងៗ ធ្វើសកម្មភាពវាយប្រហារគ្នា ក្នុងសហគមន៍ បង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងនៅថ្ងៃនេះថា ក្នុងរយៈពេល៤០ថ្ងៃ គិតចាប់តាំងពីថ្ងៃទី២៣ ឧសភា ដល់២ កក្កដា ឆ្នាំ២០២៤ តុលាការរាជធានី និងខេត្ត បានឃាត់ខ្លួនក្មេងទំនើងបានចំនួន ១ពាន់ ៧៣នាក់ ក្នុងចំណាត់ការសំណុំរឿងក្មេងទំនើងចំនួន ២៦៨ករណី។

នៅថ្ងៃទី៣កក្កដានេះផងដែរ កងកម្លាំងរាជអាវុធហត្ថបានថ្លែងថា គេទើបបានបង្ក្រាបករណីក្មេងទំនើង ២១នាក់ នៅក្នុងខណ្ឌបឹងកេងកង និងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រុមក្មេងទំនើងដែលដាក់ឈ្មោះជាអក្សរឡាតាំង TTP មានន័យថា ទួលទំពួង ត្រូវបានបង្ក្រាបនៅថ្ងៃទី៣០មិថុនា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំវិន័យដ៏តឹងតែងមួយ ដើម្បីអប់រំក្មេងទំនើងឱ្យពួកគេក្លាយជាក្មេងល្អ និងមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។

សម្តេចធិបតីបានដាក់បទបញ្ជាការលុបបំបាត់ករណីក្មេងទំនើងចេញពីមូលដ្ឋាន និងពីសហគមន៍ឱ្យអស់ ដើម្បីការកសាង និងពង្រឹងភូមិឃុំមានសុវត្ថិភាព។

ads banner