១០៧នាក់ស្លាប់ និងរបួស ដោយករណីគ្រោះធម្មជាតិរយៈពេល៦ខែដើមឆ្នាំ (Video Inside)
យ៉ាងហោចមនុស្សចំនួន១០៧នាក់បានស្លាប់ និងរបួស នៅក្នុងហេតុការណ៍គ្រោះធម្មជាតិ ក្នុងរយៈពេល៦ខែឆ្នាំ២០២៤។ គ្រោះធម្មជាតិគឺជាគ្រោះថ្នាក់ដែលបង្កដោយខ្យល់ព្យុះ, ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ជាដើម។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក សុទ្ធគឹម កុលមុនី បានថ្លែងនៅថ្ងៃទី៣ខែកក្តដាថា មនុស្សដែលស្លាប់ដោយសារករណីរន្ទះបាញ់ មានចំនួន ៤៥នាក់ ខណៈអ្នករងរបួសចំនួន ៣៦នាក់ រវាងពីដើមខែមករាដល់ចុងខែមិថុនា ឆ្នាំ២០២៤។
គ្រោះធម្មជាតិរន្ទះបាញ់ក្នុងប្រទេសកម្ពុជា បានសម្លាប់មនុស្សច្រើនសិបនាក់ក្នុងមួយឆ្នាំៗ និងមិនមានឆ្នាំណា ដែលគ្មានអ្នករងគ្រោះ ដោយសារគ្រោះរន្ទះបាញ់ឡើយ ដោយសារតែកម្ពុជា មិនទាន់បានដាក់ប្រព័ន្ធការពារបង្ការន្ទះបាញ់ បានគ្រប់សព្វកន្លែងទូទាំងប្រទេសឡើយ។
ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់នោះវិញ ចំនួនមនុស្សដែលបានបាត់បង់ជីវិត មានចំនួន ៣នាក់ និងរបួស ២៣នាក់ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។
ផ្ទះ សាលារៀន និងសំណង់តូចធំជាច្រើន គិតសរុបប្រមាណជាង ៤ពាន់ខ្នង ត្រូវបានរងការខូចខាត ក្នុងមួយឆមាសកន្លងមកនេះ ដោយសារតែករណីខ្យល់កន្ត្រាក់។