ចោរលួចរូបសំណាក់ស្តេចស្វាគីងកុងនៅអូស្រ្តាលី
កង់បេរ៉ា៖ វីដេអូថតពីលើឧទ្ធម្ភាគចក្រប៉ូលិស បានបង្ហាញពីការរកឃើញរូបសំណាកគីងកុងមួយក្បាលដែលត្រូវបានចោរលួច នៅក្នុងទីធ្លាខាងក្រោយផ្ទះមួយកន្លែង ដែលសភាពមានរយ៉េរញ៉ៃ។
រូបសំណាកស្តេចស្វាគីងកុងដ៏គួរឱ្យស្រឡាញ់ ដែលគេស្គាល់ថា ជា “Gorilla” ត្រូវបានចោរលួចចេញពីសហគមន៍ចូលនិវត្តន៍មួយកន្លែង នៅផ្លូវ St Helena នៅម៉ោងប្រហែល ៤រសៀលថ្ងៃទី០៦ ខែមិថុនា។ រូបសំណាកគីងកុងនេះ មានកម្ពស់ប្រវែង ១.៥ម៉ែត្រ បានក្លាយជាកម្មវត្ថុនៃកិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលីសយ៉ាងម៉ឺងម៉ាត់ ដើម្បីស៊ើបអង្កេតនាំយកវាត្រឡប់មកវិញ។
បន្ទាប់ពីបើកការស៊ើបអង្កេតយ៉ាងទូលំទូលាយ ដោយប្រើប្រាស់មធ្យោបាយទាំងតាមផ្លូវគោក និងផ្លូវអាកាសជាមួយនឹងប្រើប្រាស់ឧទ្ធម្ភាគចក្រ នៅទីបំផុត ប៉ូលីសអូស្រ្តាលីបានទទួលជោគជ័យ ក្នុងការស្រាវជ្រាវរកឃើញរូបសំណាកសត្វស្វាគីងកុងមួយក្បាល នៅក្នុងទីធ្លាខាងក្រោយផ្ទះមួយកន្លែង។ ការនេះនាំឱ្យមានការបិទបញ្ចប់ដ៏គួរឱ្យរីករាយ នូវការស៊ើបអង្កេតមិនធម្មតាមួយ។
ហើយនៅរសៀលថ្ងៃអង្គារសប្តាហ៍នេះ ប៉ូលីសអូស្រ្តាលីបានប្រគល់រូបសំណាកនេះទៅឱ្យសហគមន៍ចូលនិវត្តន៍វិញ ដែលធ្វើឱ្យអ្នកស្រុកជាច្រើនសប្បាយរីករាយជាខ្លាំង។ គិតមកទល់ពេលនេះ ដំណើរការស៊ើបអង្កេតស្វែងរកមុខចោរលួចនៅតែបន្ត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា