សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអំណោយមនុស្សធម៌ ដល់សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) FM94.70MHz
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី២ ដើម្បីជួយសម្រាលការលំបាកដល់ជនមានពិការភាពចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) ដែលមានការិយាល័យកណ្តាលស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះក្មួយៗជនមានពិការភាពទាំងអស់ ជាពិសេសសូមកោតសរសើរចំពោះក្មួយៗទាំងអស់ដែលបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មាន ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល តាមរយៈ វិទ្យុ FM94.70MHz រាជធានីភ្នំពេញ ។
ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ ក៏បានផ្តាំផ្ញើដល់សមាជិកសមាជិកានៃសមាគម សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមានទម្លាប់រស់នៅល្អ ប្រកាន់ខ្ជាប់ឥរិយាបថល្អក្នុងការរស់នៅ ជាពិសេសកុំបរិភោគអាហារប្រៃពេក ផ្អែមពេក ខ្លាញ់ពេក និងភេសជ្ជៈកំប៉ុងច្រើនពេក ដែលទាំងអស់នេះអាចបង្កឱ្យមានជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកជាដើម ។ ទន្ទឹមនឹងនេះ ក៏ត្រូវធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងជាប្រចាំ ដើម្បីរាងកាយមាំមួន និងមានសុខភាពល្អផងដែរ។
លោក សែម សំណាង អគ្គនាយកសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក តំណាងឱ្យជនមានពិការភាពទាំង ៩០នាក់ នៃសមាគម បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ សន្តោសប្រណី ជួយឧបត្ថម្ភគាំទ្រដល់បងប្អូនជនមានពិការភាពជាបន្តបន្ទាប់។
លោកបានបញ្ជាក់ផងដែរថា៖ សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១០ មាននៅរាជធានី-ខេត្តចំនួន៥ គឺរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់ ដែលត្រូវបានទទួលការឧបត្ថម្ភកសាងទាំងស្រុងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី។
សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ការឧបត្ថម្ភជូនដល់សមាគមនេះជាលើកទី២ រួមមាន៖ អង្ករ ២តោន, អង្ករសុខភាព ១០កេស, មី ២០កេស, ត្រីខ ៥០០កំប៉ុង, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, និងថវិកា ១០លានរៀល ៕
ដោយ / គ្រី សម្បត្តិ