អតីតយុទ្ធជន ៦៥គ្រួសារ ដែលគ្មានដីគ្មានផ្ទះ នឹងទទួលបានដីសម្បទានសង្គមកិច្ច នៅស្រុកសន្ទុក
កំពង់ធំ៖ បងប្អូនអតីតយុទ្ធជនចំនួន ៦៥គ្រួសារ ដែលគ្មានដីគ្មានផ្ទះ និងទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខណៈបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមរៀបចំដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ នេះបើតាមប្រសាសន៍របស់ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ យោធាសន្តិសុខប្រចាំខែមិថុនា ឆ្នាំ២០២៤ និងដាក់ចេញនូវទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ឆ្នាំ២០២៤។
លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ បានបញ្ជាក់ថា លទ្ធផលការងារយោធាសន្តិសុខ ដែលអនុវត្តសម្រេចបានក្នុងខែមិថុនា ឆ្នាំ២០២៤ និងសកម្មភាពការពារទប់ស្កាត់ និងបង្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេល២ ខែកន្លងទៅ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំផងដែរ ក្រោយពីមតិចូលរួមក្នុងការកែសម្រួលនិងបំពេញបន្ថែម របស់សមាជិកសមាជិកានៃអង្គប្រជុំ ដើម្បីរួមគ្នាអនុវត្តឲ្យទទួលបានជោគជ័យតាមផែនការ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បញ្ជាបន្ថែម ដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តយ៉ាងសកម្មក្នុងកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយមិនឲ្យមានបទល្មើសធនធានធម្មជាតិកើតឡើងជាថ្មី និងក្រើនរំលឹកដល់យោធិនទាំងអស់ មិនត្រូវពាក់ព័ន្ធនឹងបទល្មើសជាដាច់ខាត ក្នុងករណីបុគ្គលណាមានការពាក់ព័ន្ឋនិងមិនមានការលើកលែងនោះឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ចអនុវត្តបន្តទី១- ត្រូវចូលរួមអនុវត្តន៍ នឹងធ្វើជាសេនាធិការ ជូនគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ស្រុក ក្រុង ក្នុងការប្រើប្រាស់កម្លាំងសរុប វិធានការសរុប មធ្យោបាយសរុប ក្នុងកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ថ្មីៗបន្ថែមទៀត ។ ទី២-ការរៀចំដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន ចំនួ៦៥គ្រួសារ ដែលគ្មានដីគ្មានផ្ទះ ដើម្បីត្រៀមប្រគល់ជូនពួកគាត់ នៅពេលខាងមុខស្ថិតនៅឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ទី៣-ត្រូវបន្តសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងការបម្រើអតីតយុទ្ធជន និងប្រជាជននៅតាមមូលដ្ឋាននានា ឲ្យអស់ពីចិត្តពីថ្លើម ដោយអនុវត្តតាមទិសស្លោកកងទ័ពជាកូនចៅរបស់ប្រជាជន អ្វីៗដើម្បីប្រជាជន និងទី៤-រៀបចំដំណើរការបើកវគ្គហ្វឹកហ្វឺន និងយុទ្ធដំណើរទ័ពប្រចាំឆ្នាំ តាមផែនការ ដែលយោធភូមិភាគទី៤ បានដាក់ចេញ ៕
ដោយ ប៊ុន រដ្ឋា