កូរ៉េខាងត្បូងចាយ ១ពាន់លានដុល្លារ បើករោងចក្រផលិតអាគុយឡានអគ្គិសនីដំបូងនៅឥណ្ឌូនេស៊ី
ហ្សាការតា៖ ក្រុមហ៊ុន Hyundai Motor Group និងក្រុមហ៊ុន LG Energy Solution របស់កូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានបើកដំណើរការរោងចក្រផលិតអាគុយឡានអគ្គិសនីរួមគ្នាដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ក្រុមហ៊ុនទាំងពីរបានប្រកាសកាលពីឆ្នាំ ២០២១ថាពួកគេកំពុងបោះទុនវិនិយោគ ១.១ពាន់លាននៅក្នុងរោងចក្រផលិតអាគុយឡានអគ្គិសនីនៅខេត្ត ជ្វាខាងលិច របស់ប្រទេសឥណ្ឌូនេស៊ី ដែលនឹងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីផ្តល់ថាមពលដល់ឡានអគ្គិសនី ដែលមានថាមពលអាគុយច្រើនជាង ១៥០,០០០គ្រឿងក្នុងមួយឆ្នាំ។
រដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយថា ក្រុមហ៊ុន Hyundai និង LG បានប្តេជ្ញាចាយទុនវិនិយោគបន្ថែមរហូតដល់ ៩.៨ពាន់លានដុល្លារនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ មួយនេះ ដើម្បីអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ឡានអគ្គិសនី ដោយទាញយកអត្ថប្រយោជន៍ពីធនធានដ៏សម្បូរបែប នៃសារធាតុរ៉ែសំខាន់ៗ ដូចជានីកែល និងទង់ដែង។
សូមបញ្ជាក់ថា ឥណ្ឌូនេស៊ី ដែលជាប្រទេសផលិតនីកែលកំពូលរបស់ពិភពលោក បានហាមឃាត់ការនាំចេញសារធាតុនីកែលឆៅក្នុងឆ្នាំ ២០២០ ដើម្បីលើកទឹកចិត្តការវិនិយោគទៅលើការកែច្នៃរ៉ែក្នុងស្រុក៕
ប្រភព: បាងកកប៉ុស្តិ៍ ប្រែសម្រួលដោយ: ឈឹម ទីណា