សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យអប់រំ ពិតជាមានការអភិវឌ្ឍ ខណៈគុណភាពគ្រូ គឺជាកត្តាគន្លឹះ នៅក្នុងការធានាគុណភាពអប់រំ
(ភ្នំពេញ)៖ វិស័យអប់រំពិតជាមានការអភិវឌ្ឍ ខណៈគុណភាពគ្រូ គឺជាកត្តាគន្លឹះនៅក្នុងការធានាគុណភាពអប់រំ ស្របពេលដែលធនធានមនុស្ស ជាកិច្ចការសំខាន់ដែលរាជរដ្ឋាភិបាលត្រូវវិនិយោគ ។ នេះជាប្រសាសន៍ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយថ្ងៃរំដោះ ៧មករា ធនធានគ្រូបង្រៀនរបស់យើងនៅមានកម្រិត មិនទាន់អាចដាក់ពង្រាយគ្រូទៅដល់មូលដ្ឋានដូចបច្ចុប្បន្ននេះទេ ហើយទម្រាំឈានមកដល់ស្ថានភាពដូចបច្ចុប្បន្ននេះ គឺយើងឆ្លងកាត់បញ្ហាច្រើនណាស់ ដែលប្រការនេះហើយដែលយើងត្រូវទទួលស្គាល់ការពិតពីការអភិវឌ្ឍរបស់កម្ពុជា ។
សម្តេចធិបតី បានមានប្រសាសន៍បន្តថា ការរីកចម្រើននៃវិស័យអប់រំ គឺជារឿងពិត ហើយរាជរដ្ឋាភិបាលនៅតែបន្តធ្វើការអភិវឌ្ឍទៅមុខទៀត។ សម្តេច បញ្ជាក់ថា រាជរដ្ឋាភិបាល គឺជាអ្នកបង្កើតឱកាសផ្សេងៗ ដូចជា កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ និងដាក់ផែនការយុទ្ធសាស្រ្តអប់រំជាដើម ប៉ុន្តែអ្នកដែលចាប់យកឱកាសនិងអនុវត្តផ្ទាល់នោះគឺជាតួអង្គក្រសួង ស្ថាប័នជាក់ស្តែង ។
ការអប់រំបណ្តុះបណ្តាលគុណភាព នៃការអប់រំសំខាន់ណាស់ ហើយគុណភាពនៃការអប់រំ គឺជាការកត្តាកំណត់នៃការអភិវឌ្ឍប្រទេស ដូច្នេះឆ្អឹងខ្នង នៃការអប់រំ គឺគ្រូបង្រៀន ។ សម្តេច ថា គុណភាពគ្រូ គឺជាកត្តាគន្លឹះនៅក្នុងការធានានៃគុណភាពអប់រំ និងសមត្ថភាពរបស់ប្រទេសក្នុងការអភិវឌ្ឍ ពោល គឺបើគ្រូមិនពូកែ សិស្សក៏មិនពូកែ ហើយបើធនធានមនុស្សមិនពូកែក៏ទៅប្រកួតមិនឈ្នះគេដែរ ។
សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ណាស់ ទៅលើការពង្រឹងគ្រូដែលជាមូលដ្ឋានកែទម្រង់វិស័យ អប់រំ។ សម្តេច បានបញ្ជាក់ថា មនុស្សកំណត់អ្វីៗទាំងអស់ ដូច្នេះបើយើងមិនពង្រឹងធនធានមនុស្ស ហើយពង្រឹងវិស័យអប់រំ យើងដើរមិនទាន់គេទេ តែផ្ទុយទៅវិញ ការពង្រឹងធនធានមនុស្សគឺជាធនធានដែលបង្កើតធនធាន ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ