សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងពាក់ព័ន្ធ គិតគូរផ្តល់ប្រាក់​ឧត្តម​ដល់​ស្ត្រីមានផ្ទៃពោះ ដែលកំពុងជាប់ក្នុងពន្ធនាគារ រហូតដល់កូនមានអាយុ ២ឆ្នាំ

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ស្នាក់នៅរបស់គ្រូ ព្រមទាំង​ប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងណែនាំដល់ក្រសួងពាក់ព័ន្ធ គិតគូរផ្តល់ប្រាក់ឧត្តមដល់ស្ត្រីមានផ្ទៃពោះ ដែលកំពុងជាប់ក្នុងពន្ធនាគារ រហូតដល់កូនមានអាយុ ២ឆ្នាំ ដូចកម្មការិនី និងមន្ត្រីរាជការ ដែលរាជរដ្ឋាភិបាលបានអនុវត្ដន៍ដែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ សូមស្នើ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច គិតគូរចំពោះស្ត្រីមាន​ផ្ទៃពោះកំពុងជាប់ពន្ធនាគារ ដែលកន្លងមក យើងមានសម្រាប់កម្មការិនី និងមន្ត្រីរាជការ ហើយឥឡូវសូមគិតគូរផង ចំពោះពិរុទ្ធជននៅក្នុងគុក ។

សម្តេចធិបតី បានអះអាងថា កន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកគោលការណ៍គិតគូរចំពោះស្ត្រីជាប់ពន្ធនាគារនេះ ដោយការគិតមិនមានចំនួនច្រើននោះទេ ប៉ុន្តែត្រូវគិតគូរ ។ សម្តេច ថា យើងត្រូវគិតគូរអំពីអត្ថប្រយោជន៍ផ្តល់ជូនគាត់ទៅដល់ស្ត្រីជាប់ទោស ហើយកំពុងតែមានទម្ងន់ ហើយបានឆ្លងទន្លេ ដោយឧបត្តម្ភដូចប្រជាពលរដ្ឋទូទៅ និងមន្ត្រីរាជការ ។

សម្តេចធិបតី ក៏បានអះអាងដែរថា ករណីកូននៅក្នុងផ្ទៃនេះដែរ គឺកូនមិនបាន​ធ្វើខុសទេ ហើយសម្តេចផ្ទាល់ ក៏ធ្លាប់ប្រាប់ថ្នាក់ដឹកនាំបរទេសថា សម្តេចធ្លាប់​ជាប់ពន្ធនាគារផងដែរ នៅពេលសម្តេចនៅក្នុងផ្ទៃម្តាយក្នុងសម័យខ្មែរក្រហម ។ សម្តេច បញ្ជាក់ថា ខ្ញុំធ្លាប់ប្រាប់មេដឹកនាំបរទេសមួយចំនួនថា ខ្ញុំធ្លាប់ជាប់​គុក​ដែរ ហើយគេថាជាប់គុករឿងអ្វីដែរហ្នឹង? អត់ទេ គឺកាលពុករត់ទៅវៀតណាម គេចាប់ម៉ែដាក់គុក ហើយពេលនោះ ខ្ញុំក៏នៅក្នុងគុកដែរ ជាស្វ័យប្រវត្តិ ៧ខែនៅក្នុងពោះ ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យខាងបេឡាជាតិរបបសន្តិសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ពិនិត្យ ពិភាក្សាគ្នាមើលរឿងនេះ។ សម្ដេច បានជំរុញឱ្យខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ត្រូវពិនិត្យមើលករណីនេះ វាមិនអស់ប៉ុន្មានទេ តែអស់ប៉ុន្មានក៏ត្រូវធ្វើដែរ ព្រោះវាជាកូនចៅរបស់យើង ។

សម្តេចធិបតី ហ៊ុន ម់ាណែត បានបន្តថា ម្តាយធ្វើខុស គឺជារឿងគាត់​ទទួល​កំហុស ប៉ុន្តែនៅពេលគាត់មានផ្ទៃពោះកូននៅជាក្មេងជាកូនចៅរបស់យើង ហើយគ្នាអត់ដឹងអ្វីទេ ។ ដូច្នេះ ត្រូវទទួលបានអត្ថប្រយោជន៍ដែលយើងបើកជូន ។ អ៊ីចឹង សូមគិតគូររឿងហ្នឹង ដូចក្មេងៗផ្សេងៗទៀតរហូតដល់ ២ឆ្នាំ តាមគោលការណ៍របស់យើង ។

សូមជម្រាបថា ការលើកឡើងរបស់សម្តេចធិបតី ទាក់ទិននឹងករណីស្ត្រី​ជាប់​ពន្ធនាគារមានផ្ទៃពោះដូច្នេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើក​ឡើងថា អ្នកនៅក្នុងគុកក៏មានអ្នកខ្លះមានផ្ទៃពោះ ។ សម្តេចធិបតីបាន​បញ្ជាក់ថា គាត់មានទម្ងន់ អីចឹងគាត់ក៏ត្រូវមានការគិតគូរ ទោះបីជាម្តាយជាប់ពន្ធនាគារ ដោយ​សារម្តាយមានកំហុស តែកូនអត់បានធ្វើខុសទេ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner