រយៈពេល ២៥ឆ្នាំ សិស្សក្រីក្រប្រមាណ ៣០ម៉ឺននាក់ ទទួលផលពីកម្មវិធីផ្តល់អាហារតាមសាលារៀន

(សៀមរាប)៖ រយៈពេល ២៥ឆ្នាំ សិស្សក្រីក្រទទួលបានផល ប្រមាណ ៣០ម៉ឺននាក់ ពីកម្មវិធីផ្តល់អាហារតាមសាលារៀ។ កម្មវិធីផ្តល់អាហារតាមសាលារៀន នឹងក្លាយជាកម្មវិធីថ្នាក់ជាតិពេញលេញ ដោយរដ្ឋជាអ្នកគ្រប់គ្រងទាំងស្រុង ។ ពាក្យដែលត្រូវបានប្រើនោះ គឺ «ញ៉ាំឆ្អែត មានកម្លាំងរៀន និងកាត់បន្ថយការចំណាយ»។

ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងឱ្យដឹងថា សាលារៀនកម្រិតបឋមសិក្សា ក្នុងខេត្តគោលដៅចំនួន ១០ នឹងត្រូវផ្ទេរមកជាសាលាគ្រប់គ្រងដោយរាជរដ្ឋាភិបាល ក្រោយពីអនុវត្ត ក្រោមកិច្ចសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍។

នៅក្នុងឱកាសទស្សនកិច្ចទៅកាន់សាលារៀន ដែលមានកម្មវិធីផ្ដល់អាហារតាម សាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្មវិធីនេះ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន, បញ្ចប់ការសិក្សា, និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ ។ រហូតមកដល់ពេលនេះ យើងមានសាលារៀនដែលប្រើប្រាស់ថវិកាជាតិចំនួន ៥៥៣សាលារៀន» ។

កម្មវិធីផ្តល់អាហារតាមសាលារៀន បានចាប់ផ្តើមអនុវត្តនៅឆ្នាំ១៩៩៩ ដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមហិរញ្ញប្បទានជំនួយដៃគូអភិវឌ្ឍន៍ ដោយចាប់ផ្ដើមដំបូងមានតែ៦៤សាលា និងមានអ្នកទទួលផល ៣៧.៥០០នាក់ប៉ុណ្ណោះ ។ មកដល់បច្ចុប្បន្ន កម្មវិធីបានពង្រីកខ្លួនដល់សាលារៀនគោលដៅសរុបចំនួន ១.១១៤សាលា ក្នុងខេត្តចំនួន ១០ទូទាំងប្រទេស និងមានសិស្សទទួលផលសរុបប្រមាណ៣០ម៉ឺននាក់ គ្រាដែលដំបូងឡើយ ត្រូវបានអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្រោមហិរញ្ញប្បទាន របស់មូលនិធិ McGovern-Dole និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅតាមសាលារៀនគោលដៅចំនួន ៥៥៣សាលា ក្នុងខេត្តចំនួន១០ រួមមាន ៖ ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ក្នុងនោះមានសិស្សទទួលផលចំនួនជាង ១៥ម៉ឺននាក់ និងចុងភៅ ១.៥១៨នាក់ សម្រាប់ត្រីមាសទី១ ឆ្នាំសិក្សា២០២៣- ២០២៤ ដោយបានចំណាយថវិកាជាង ៥លាន៥៦ម៉ឺនដុល្លារអាមេរិក ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner