សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខក្រុមគ្រួសារ ដែលសមាជិកទទួលមរណភាពដោយផ្ទុះមីនតោន
(ត្បូងឃ្មុំ)៖ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារមីន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្ងៃពុធ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមន្តរាយកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសព លោកឡេង ផាន អាយុ ៦៦ឆ្នាំ បានទទួលមរណភាពដោយផ្ទុះមីនតោនកំពុងជីករងចំការ នៅភូមិរំសែង ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បាននាំប្រសាសន៍ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយគ្រួសារសពចំពោះឧបទ្ទវហេតុផ្ទុះមីនតោនបណ្តាល លោក ឡេង ផាន បាត់បងជីវិតនៅនឹងកន្លែងកើតហេតុដែលមានចំងាយ ១,០០០ម៉ែត្រពីផ្ទះជនរងគ្រោះ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកឡេង ផាន សូមបានចាប់កំណើតកើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕




ដោយ / គ្រី សម្បត្តិ