ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កោតសរសើរ ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន ដែលបានជួយសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនជាមួយរាជរដ្ឋាភិបាលកម្ពុជា
(បាត់ដំបង)៖ ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ នឹងវាយតម្លៃខ្ពស់ចំពោះឧត្តមគតិរួមចំណែករបស់ ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន ដើម្បីបុព្វហេតុសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិក ជនរងគ្រោះដោយសារគ្រឿងញៀន និងបិទបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកទ្រឹស្តី និងអនុវត្តផ្ទាល់ដល់អ្នកញៀនគ្រឿងញៀន លើកទី៤ នៅមជ្ឈមណ្ឌល បន្សាបព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ។

ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន ប្រធានមជ្ឈមណ្ឌល បានឱ្យដឹងថា មុននឹងអនុញ្ញាតឱ្យជនរងគ្រោះធ្វើសមាហរណកម្មត្រឡប់ទៅផ្ទះវិញ ជនរងគ្រោះទាំងអស់ ត្រូវឆ្លងកាត់ការធ្វើតេស្ត ៣ដង តម្រូវឱ្យជាប់ទាំង ៣ដង ហើយបន្ទាប់ពីវាយតម្លៃឃើញថា អាចចេញទៅក្រៅប្រកបរបរបាន ពួកគេនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការបញ្ចប់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយក្នុងរយៈកន្លងមក មជ្ឈមណ្ឌល បានផ្ដល់ជូន ចំនួន ៣លើក ស្មើនឹង ៣៣៤នាក់រួចមកហើយ។ សម្រាប់ការផ្ដល់ជូនលើកទី៤នេះ មានចំនួន ១៦៦នាក់។ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានអំពាវនាវថ្នាក់ដឹកនាំ និងសប្បុរសជន បន្តផ្ដល់ការគាំទ្រដើម្បីនិរន្តរភាពមជ្ឈមណ្ឌលផងដែរ ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានសង្កេតឃើញថា ញាតិមិត្ត ភាគច្រើនដែលកំពុងរង់ចាំទទួល និងផ្ដល់ការលើកទឹកចិត្តដល់កូន ប្ដី ប្រពន្ធ និងបងប្អូន ដែលរស់នៅ និងត្រៀមចេញពីមជ្ឈមណ្ឌលត្រឡប់ទៅផ្ទះវិញ សុទ្ធតែបង្ហាញទឹកមុខប្រកបដោយក្ដីរីករាយ និងក្ដីសង្ឃឹម ដោយបានដឹងនិងឃើញថា ជនរងគ្រោះជាសាច់ជាឈាមរបស់ខ្លួន កំពុងស្ថិតក្នុងដំណើរផ្លូវឆ្ពោះទៅកាន់អនាគតប្រកបដោយពន្លឺភ្លឺស្វាង ក្លាយជាពលរដ្ឋល្អក្នុងសង្គម តាមរយៈការទទួលបាននូវការបន្សាបព្យាបាល និងស្ដារនីតិសម្បទាប្រកបដោយការយកចិត្តទុកដាក់ បន្ទាប់ពីធ្លាក់ក្នុងអន្លង់ខ្មៅងងឹតនៃគ្រឿងញៀន ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់ថវិកា ចំនួន ១០០លានរៀល អង្ករ ២តោន និងសម្ភារៈប្រើប្រាស់ចំនួន ២០០កញ្ចប់ ព្រមទាំងបានសន្យាផ្ដល់ការគាំទ្របន្ថែមទៀត និងចូលរួមសម្របសម្រួលដោះស្រាយសំណើ និងសំណូមពរមួយចំនួន ដើម្បីនិរន្តរភាព និងវឌ្ឍនភាពរបស់មជ្ឈមណ្ឌល ៕




ដោយ / គ្រី សម្បត្តិ