សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា ចង់ឱ្យសេដ្ឋកិច្ចរបស់ខ្លួនឯករាជ្យ ពុំពឹងផ្អែកទៅលើភាពអនុគ្រោះ ឬជំនួយពីខាងក្រៅ
(ភ្នំពេញ)៖ កម្ពុជា ចង់ឱ្យសេដ្ឋកិច្ចរបស់ខ្លួនឯករាជ្យ ដោយពឹងផ្អែកលើការខិតខំដោយខ្លួនឯង ដោយពុំពឹងផ្អែកទៅលើភាពអនុគ្រោះឬជំនួយពីខាងក្រៅ ខណៈក្រុមហ៊ុនអាល្លឺម៉ង់មួយដែលកំពុងធ្វើការវិនិយោគនៅវៀតណាម កំពុងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដែលស្របតាមការចង់បានរបស់កម្ពុជា គឺការវិនិយោគតាមរូបមន្ត ១បូក ។
នេះជាការគូសបញ្ជាក់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដម STEFAN MESSERER ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំ កម្ពុជា ចូលសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង បានធ្វើការកត់សម្គាល់ថា ការបំពេញការងារក្នុងរយៈពេលពីរឆ្នាំនេះ ប្រទេសកម្ពុជា មានការរីកចម្រើន ជាពិសេស រាជធានីភ្នំពេញ មានការអភិវឌ្ឍន៍យ៉ាងលឿន និងរស់រវើក។ ឯកឧត្ដម ក៏បានសម្ដែងការរីករាយផងដែរ ដោយឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងអាល្លឺម៉ង់ មានការរីកចម្រើនរឹងមាំជាបន្តបន្ទាប់ ពិសេស បានពង្រឹងការផ្លាស់ប្ដូរទស្សនកិច្ច និង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ១៧គណៈប្រតិភូរួចហើយ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា រួមទាំង ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ។ចំនួននេះច្រើនជាងរយៈពេល ១០ឆ្នាំកន្លងមក ។
ទាក់ទងនឹងបញ្ហាដោះមីន ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសន្យាថា នឹងបន្តធ្វើការជាមួយនឹងអង្គការ NGO នានា បន្តការងារដោះមីនដើម្បីឱ្យកម្ពុជាសម្រេចគោលដៅក្លាយជាប្រទេសគ្មានមីននៅក្នុងឆ្នាំ២០២៥ខាងមុខ។ ជាមួយនេះដែរ អាល្លឺម៉ង់ក៏ប្ដេជ្ញាបន្តគម្រោងអាល្លឺម៉ង់ជួយឧបត្ថម្ភគាំទ្រដល់ការអភិរក្សប្រាសាទអង្គរ ប្រាសាទនានា ដែលជាបេតិកភ័ណ្ឌវប្បធម៌ដ៏សម្បូរបែប ដែលគម្រោងនេះមានរយៈពេលវែងជាងគេលើពិភពលោក។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ដែលបន្តជួយកម្ពុជានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ បានបង្កើនកម្រិតកាន់តែខ្ពស់ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេស នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ដែលធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ សម្ដេច មានមោទនភាពចំពោះសមិទ្ធផលល្អៗ ដែលសម្រេចបានជាមួយគ្នា។ សម្ដេច បានស្នើសុំឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូត បន្តការងារ ជាពិសេស ការជំរុញនៅក្នុងវិស័យសេដ្ឋកិច្ច ការវិនិយោគ និង ការអភិវឌ្ឍធនធានមនុស្ស ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា គ្រោងនឹងបញ្ចប់ការដោះមីនទាំងអស់ នៅក្នុងឆ្នាំ២០២៥ ក៏ប៉ុន្តែ សម្ដេចមានការព្រួយបារម្ភថា គោលដៅនេះ អាចមិនសម្រេចបានទាំងស្រុង ដោយសារយើងនៅមានជនរងគ្រោះដោយសារគ្រាប់មីនជាបន្តបន្ទាប់ ។ សម្តេចសង្ឃឹមថា អាល្លឺម៉ង់នឹងបន្តជួយលើការដោះមីននេះ។

សម្ដេចតេជោ បានវាយតម្លៃថា ការវិនិយោគតាមរូបមន្ត១បូក ដែលសម្ដេចចង់បាននោះ គឺជាការត្រឹមត្រូវ ដោយសម្ដេចបានលើកឡើងនូវករណី ក្រុមហ៊ុនជប៉ុន Minebea ដែលបាននិងកំពុងវិនិយោគនៅប្រទេសជិតខាងកម្ពុជា ហើយបានបើករោងចក្ររបស់ខ្លួនផងដែរនៅកម្ពុជា ដែលធ្វើឱ្យចង្វាក់ផ្គត់ផ្គង់មានភាពរលូនមិនរអាក់រអួល។ ទាក់ទងនឹងបរិយាកាសវិនិយោគនៅកម្ពុជា សម្ដេចតេជោប្រធានព្រឹទ្ធសភា បានអះអាងថា រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្រ្តី កំពុងបន្តខិតខំយ៉ាងសកម្មក្នុងការសម្របសម្រួលធ្វើឱ្យបរិយាកាសវិនិយោគកាន់តែប្រសើរឡើង។
សម្ដេចតេជោក៏បានអរគុណផងដែរចំពោះភាគីអាល្លឺម៉ង់ដែលបានយកចិត្តទុកដាក់ និងជួយក្នុងការថែរក្សាប្រាង្គប្រាសាទរបស់កម្ពុជា។ ដោយកម្ពុជាមានប្រាង្គប្រាសាទច្រើន សម្តេចសូមអំពាវនាវឱ្យរដ្ឋាភិបាលអាល្លឺម៉ង់និងមិត្តភក្កិដទៃទៀតបន្តជួយការពារ ថែទាំនិងអភិរក្សកេរដំណែលដូនតារបស់យើងនេះ។

សម្តេចបានសម្ដែងការរីករាយ ក្នុងការបន្តកិច្ចការដែលបានធ្វើជាមួយគ្នា ពិសេស ជំរុញទេសចរអាឡឺម៉ង់មកកាន់កម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។ សម្តេចជឿជាក់ថា ការបង្កើតស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់នៅទីក្រុងសៀមរាប អាចនឹងជួយជំរុញវិស័យទេសចរណ៍ផងដែរ ។
សម្តេចតេជោ និង ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីបញ្ហាប្រឈមនានានៅក្នុងតំបន់និងសកលលោក រួមមានវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ ៕


អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ