លទ្ធផលកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារសហប្រតិបត្តិការជាមួយអ.ស.ប និងដៃគូអភិវឌ្ឍន៍សម្រាប់ការអនុវត្ត​មុខងារ​សេសសល់របស់ អ.វ.ត.ក.

ភ្នំពេញ៖កាលពីព្រឹកថ្ងៃពុធទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារ​សហប្រតិបត្តិការជាមួយ​អង្គការ​សហប្រជាជាតិ និងដៃគូ​អភិវឌ្ឍន៍​សម្រាប់​ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក. បានដឹកនាំកិច្ចប្រជុំក្រុមការងារ​ជាលើកដំបូង នៅអគារអនុវត្ត​មុខងារ​សេសសល់​របស់អង្គជំនុំជម្រះវិសាមញ្ញក្នុង​តុលាការកម្ពុជា(អ.វ.ត.ក.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួល​បន្ទុកបេសកកម្មពិសេស និង ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំ​តំណាង​ក្រសួងស្ថាប័នពាក់ព័ន្ធ និង តំណាងអង្គការសហប្រជាជាតិ ដែលជា សមាជិក- សមាជិកាជាច្រើនរូប ។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រោយកិច្ចប្រជុំបានឱ្យដឹងថា ក្នុងកិច្ចប្រជុំឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បាន​បង្ហាញនូវការ​ដឹងគុណ​យ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីត​នាយករដ្ឋមន្ត្រី ដែលជា​អគ្គមគ្គុទេសក៍នៃ អ.វ.ត.ក. ចាប់តាំងពីគំនិតផ្តួចផ្តើមក្នុងការបង្កើតតុលាការរហូតដល់ដំណើរការនិងការបញ្ចប់ទាំងស្រុង​នូវដំណើរការ​កាត់​សេចក្តីដោយរលូននិងមានការទទួលស្គាល់ជាអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបង្ហាញនូវ​ការគោរពនិងកោតសរសើរដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញ​នូវការប្តេជ្ញាថែរក្សាកេរដំណែលរបស់ អ.វ.ត.ក. និងជាពិសេសបានយកចិត្តទុកដាក់ខ្ពស់​លើ​ការងារអប់រំ និងផ្សព្វផ្សាយ ក្នុងស្មារតីឱ្យ​យុវជនជំនាន់​ក្រោយទទួលបានព័ត៌មានពេញលេញលើប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព ពង្រឹងដល់ការ​ចងចាំ និងការទប់ស្កាត់មិនឱ្យរបបឃោរឃៅបែបនេះវិលត្រលប់មកវិញនៅក្នុងសង្គមជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះ​សមិទ្ធផលរបស់ អ.វ.ត.ក. និងបានលើកឡើងថាដំណើរកា​រ​កាត់​សេចក្តីរបស់ អ.វ.ត.ក. បានបន្សល់ទុកនូវកេរដំណែល​ដ៏សំខាន់ ទាំងរូបី និង អរូបី និងមានគុណតម្លៃខ្ពស់ក្នុងការ​ថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ និងយុត្តិធម៌ទាំងក្នុង​កម្រិតជាតិ និងអន្តរជាតិ។
លទ្ធផលនៃ អ.វ.ត.ក. ក៏បានឆ្លុះបញ្ចាំងឱ្យឃើញជាក់ស្តែងនូវ​សមិទ្ធផល​នៃគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល ដែលរក្សាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ការផ្សះផ្សាជាតិនៅតា​មមូលដ្ឋាន ការផ្តល់យុត្តិធម៌ដល់​ជនរងគ្រោះនៃរបបខ្មែរក្រហម ការចងចាំ និងការទប់ស្កាត់​ការវិល​ត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បាន​គូសបញ្ជាក់ថា ក្រៅពីឯកសារពាក់ព័ន្ធបណ្ណសារតុលាការ​ប្រមាណ ២,៤លានទំព័រ អ.វ.ត.ក. ក៏បានចូលរួមចំណែក​ដោយផ្ទាល់ដល់កំណែទម្រង់វិស័យច្បាប់និងយុត្តិធម៌ តាមរយៈការអភិវឌ្ឍ​និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព​មន្រ្តីតុលាការនិងមន្រ្តីច្បាប់ ដូចជាការផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធជាច្រើនពី អ.វ.ត.ក. ទៅដល់ប្រព័ន្ធតុលាការជាតិនិងទៅដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ លើសពីនេះ អ.វ.ត.ក. ក៏បានក្លាយជាតុលាការគំរូ និងពិសេសមួយសម្រាប់តំបន់ និងសកលលោក ដែល​ប្រើយុត្តាធិការរបស់ប្រទេសជាម្ចាស់បញ្ហា ហើយប្រើច្បាប់​ចម្រុះទាំងប្រព័ន្ធ Common Law ទាំងប្រព័ន្ធ Civil Law ហើយឆ្លុះបញ្ចាំងអំពីសក្តានុភាពនៃនីតិវិធីតុលាការរបស់កម្ពុជាក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ សម្រេចបានយុត្តិធម៌​ជូនជនរងគ្រោះ និងធានាបាននូវនិរន្តរភាពនៃសុខសន្តិភាព​ជូនជាតិមាតុភូមិ។
ដើម្បីថែរក្សាកេរដំណែលរបស់ អ.វ.ត.ក. ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី បានផ្តល់ការណែនាំមួយចំនួនពាក់ព័ន្ធនឹងការរៀប​ចំ​បង្កើត​វិទ្យាស្ថានកេរដំណែលរបស់ អ.វ.ត.ក. តាមការណែនាំ​របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលដៅ​ថែរក្សា​សន្តិភាព, យុត្តិធម៌អន្តរកាល និងការបង្ការ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងការពង្រឹងសន្តិភាព​យូរអង្វែងនៅកម្ពុជា ព្រមទាំងការ​ថែរក្សាទុកឱ្យបានត្រឹមត្រូវ​និងស្តង់ដាររខ្ពស់នៃបណ្ណសារ និងការប្រើប្រាស់សមិទ្ធផល បទពិសោធ និងកេរដំណែលដ៏មានតម្លៃរបស់ អ.វ.ត.ក. ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព សម្រាប់​ជាអង្គចងចាំសំខាន់មួយជូនកូនខ្មែរជំនាន់ក្រោយ។

នៅចុងបញ្ចប់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបញ្ជាក់បន្ថែមថា វប្បធម៌សន្តិភាព បង្រួមបង្រួមជាតិ និងការ​ផ្តល់យុត្តិធម៌ នឹងត្រូវបន្តតាមរយៈការខិតខំទាំងអស់គ្នា ក្នុងការអប់រំនិងការផ្សព្វផ្សាយ ដើម្បីបង្ការនូវការត្រលប់មកវិញ​នូវរបប​ប្រល័យពូជសាសន៍ ដើម្បីធានាការអភិវឌ្ឍប្រកបដោយ​គុណតម្លៃ និងនិរន្តរភាពសម្រាប់សង្គមជាតិ និង យុវជនជំនាន់ក្រោយ៕


ដោយៈម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner