តួកគីទិញយន្តហោះដឹកទំនិញខ្នាតយក្ស ៤គ្រឿងបន្ថែមទៀតពី Boeing

អង់ការ៉ា៖ ក្រុមហ៊ុន Boeing បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនអាកាសចរណ៍តួកគីបានបញ្ជាទិញយន្តហោះដឹកទំនិញធុន 777 របស់ខ្លួនចំនួន ៤គ្រឿងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការ ដែលរំពឹងទុកដោយក្រុមហ៊ុនអាកាសចរណ៍ដឹកទំនិញធំជាងគេទី៧ របស់ពិភពលោកមួយនេះ។

នៅពេលដែលការចែកចាយយន្តហោះត្រូវបានបញ្ចប់ ក្រុមហ៊ុន Turkish Cargo ដែលជាប្រតិបត្តិករផ្តល់សេវាដឹកទំនិញតាមផ្លូវអាកាសរបស់ប្រទេសតួកគី នឹងដាក់ដំណើរការយន្តហោះដឹកទំនិញ Boeing 777 រហូតដល់ ១២គ្រឿង។ សេចក្តីប្រកាសមិនបានផ្តល់ព័ត៌មានលំអិត អំពីពេលវេលាចែកចាយជាក់លាក់ និងតម្លៃនៃការបញ្ជាទិញយន្តហោះថ្មីបន្ថែមទៀតនោះទេ។

ប្រធានក្រុមហ៊ុនអាកាសចរណ៍តួកគី លោក Ali Türk បាននិយាយថា ការវិនិយោគថ្មីក្នុងការពង្រីកកងយន្តហោះដឹកទំនិញរបស់យើង បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការបំពេញតាមតម្រូវការរបស់ពិភពលោក ដែលកំពុងកើនឡើងសម្រាប់សេវាកម្មដឹកជញ្ជូនទំនិញតាមផ្លូវអាកាស។

លោកបន្តថា ការបន្ថែមយន្តហោះ Boeing 777 Freighters ទាំងនេះ នឹងមិនត្រឹមតែបង្កើនសមត្ថភាពប្រតិបត្តិការរបស់យើងប៉ុណ្ណោះទេ វាក៏បម្រើជាចក្ខុវិស័យយុទ្ធសាស្ត្ររបស់យើង ក្នុងការឈានទៅដល់ចំនុចកំពូល នៃវិស័យដឹកជញ្ជូនទំនិញតាមផ្លូវអាកាសទូទាំងពិភពលោក។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍តួកគីកំពុងប្រើប្រាស់ទីតាំងមជ្ឈមណ្ឌលរបស់ខ្លួននៅទីក្រុងអ៊ីស្តង់ប៊ុល ជាទីតាំងកណ្តាលសម្រាប់ការតភ្ជាប់ការដឹកជញ្ជូនទំនិញរវាងអាស៊ី និងអឺរ៉ុប និងទៅកាន់ប្រទេសគោលដៅទូទាំងពិភពលោក។

យន្តហោះដឹកទំនិញ Boeing 777 មានសមត្ថភាពផ្ទុកទំនិញក្នុងទម្ងន់អតិបរមា ១១២តោន និងហោះហើរក្នុងចម្ងាយជិត ៨,០០០គីឡូម៉ែត្រ។ គិតមកទល់ពេលនេះ ក្រុមហ៊ុន Boeing បានបញ្ជូនយន្តហោះដឹកទំនិញ 777 ចំនួន ២៦៥គ្រឿងហើយទៅដល់អតិថិជន ដែលធ្វើឱ្យវាក្លាយជាយន្តហោះដឹកទំនិញខ្នាតយក្ស ដែលលក់ដាច់បំផុត៕ ប្រភព៖ Yahoo ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner