ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តដល់សហគមន៍កសិកម្មទំនើប ក្នុងការធ្វើពិពិធកម្មកសិកម្ម ឱ្យបានទូលំទូលាយក្នុងការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ ព្រៃឈើ និងកសិកម្ម
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក នៃធនាគារពិភពលោក (WB) នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការរួមគ្នាកន្លងមក លើការអភិវឌ្ឍវិស័យកសិកម្ម ដែលបានផ្តល់ប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។ ក្រសួងកសិកម្មបាននិងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានានូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន តាមរយៈការពង្រឹងសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត ផលិតទៅតាមតម្រូវការទីផ្សារ ការដឹកនាំបែបទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន ដែលជាជំនួយការជិតស្និទ្ធរបស់កសិករ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ រួមទាំងការគ្រប់គ្រងធនធានធម្មជាតិផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តដល់សហគមន៍កសិកម្មទំនើប ក្នុងការធ្វើពិពិធកម្មកសិកម្ម ឱ្យបានទូលំទូលាយក្នុងការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ ព្រៃឈើ និងកសិកម្ម។ ដើម្បីសម្រេចការងារនេះបាន ក្រសួងត្រូវការការសហការចូលរួមពីដៃគូអភិវឌ្ឍនានា ទាំងក្នុងការងារបច្ចេកទេស និងជាពិសេសទុន ដើម្បីជួយអភិវឌ្ឍវិស័យកសិកម្ម និងជីវភាពប្រជាកសិករ ៕
ប្រភព ៖ ក្រសួងកសិកម្ម


