ខេត្តរតនគិរី ត្រៀមប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅថ្ងៃទី៣០ ខែកក្កដា
រតនគិរី៖រតនគិរីបានសម្រេចនឹងរៀបចំពិធីអបអរសាទរបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។នេះបើយោងតាមស្មារតីនៃ កិច្ចប្រជុំនេះព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នាសាលប្រជុំសាលាខេត្ត ក្រោមវត្តមានឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
អង្គប្រជុំនាពេលនេះបានសម្រេចរៀបចំពិធីអបអរសាទរបញ្ឈប់ការបន្ទោបង់ពាសវាល ពាសកាលនៅសាលមហោស្រពនៃមន្ទីរវប្បធម៌ខេត្តតេនគិរីនាថ្ងៃទី៣០ ខែកក្កដាខាងមុខនេះក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីសារៈសំខាន់ពីអនាម័យ និងបង្កើនការទទួលបាននូវការលើកកម្ពស់ អនាម័យនៅតាមសហគមន៍ជនបទក្នុងព្រះរាជាណាចក្រកម្ពុជាពិសេសក្នុងភូមិសាស្ត្រខេត្តរតនគិរី ព្រមទាំងទទួលបានចំណេះដឹងពីការអនុវត្តអនាម័យបានល្អត្រឹមត្រូវនិងបទពិសោធន៍ដើម្បីពន្លឿនការងារឈានទៅសម្រេចឱ្យបានការអនុវត្តការលើកកម្ពស់អនាម័យជនបទឱ្យបាន១០0ភាគរយ។
ក្នុងកិច្ចប្រជុំឯកឧត្តម ញ៉ែម សំអឿន បានរំលេចថា ក្រោមកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត និងក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ រួមជាមួយអង្គការនានាក្នុងខេត្ត ជាពិសេសអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលបានរួមចំណែកយ៉ាងសកម្ម លើការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទាំងនៅសហគមន៍ និងតាមសាលារៀន នៅទីជនបទក្នុងខេត្តរតនគិរី ។តាមរយៈការខិតខំប្រឹងប្រែងរួមគ្នានេះបានធ្វើឱ្យខេត្តរតនគិរី សម្រេចបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាលទាំងស្រុងនាឆមាសទី១ ឆ្នាំ២០២៤៕
ដោយ៖ គតិ យុត្ត