អ្នកចូលរួមនឹងទទួលបានកូនឈើក្នុងមួយនាក់ ១០ដើម នាថ្ងៃពិព័រណ៍ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ រយៈពេល៣ថ្ងៃ នៅមុខក្រសួងបរិស្ថាន

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារមរតកតេជោ ទីស្ដីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត ។ ជាមួយនិងព្រឹត្តិការណ៍នេះ ក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូ បានរៀបចំកូនឈើចម្រុះចំនួន ៤៤,៥០០ដើម សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមកទស្សនាការតាំងពិព័រណ៍ផ្សព្វផ្សាយ ដោយអ្នកចូលរួមនិងទទួលបានកូនឈើក្នុងមួយនាក់ ១០ដើម ដើម្បីយកទៅដាំនៅគេហដ្ឋាន ទីសាធារណៈ វត្តអារាម សាលារៀន ដោយឥតគិតថ្លៃ ។

ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា យើងមានកូនឈើនៅទីនេះ សម្រាប់ចែកជូនប្រមាណ ៣៧,៥០០ដើម ដែលបានមកពីមន្ទីរបរិស្ថានរាជធានី ខេត្ត អង្គការដៃគូមួយចំនួនជួយ ៧០០០ដើម ដូច្នេះ នៅទីនេះយើងមាន ៤៤,៥០០ដើម ខណៈនៅតាមថ្នាលបណ្តុះកូនឈើយើងមាន ១,៣០០,០០០ដើម សម្រាប់ត្រៀមចែកជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ពិព័រណ៍នេះរៀបចំឡើងដោយមានការតាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្ដីពីការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធស្របនឹងយុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្ត្រចំនួន៣ គឺស្អាត បៃតង និងចីរភាព ក្នុងគោលបំណងចម្បង គឺលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាំពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «ពន្លកបៃតង» នឹងប្រារព្ធបើកជាផ្លូវការ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង បរិស្ថាន មន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៥ តំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញជាតិ-អន្តរជាតិ សមាគមយុវជននានា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសាធារណជន។

ព្រឹត្តិការណ៍នេះក៏មានការតាំងបង្ហាញសមិទ្ធផលនានារបស់ក្រសួង មន្ទីរបរិស្ថាន ដៃគូអភិវឌ្ឍន៍ និងសមាគមយុវជន ផលិតផលខ្មែរ ផលិតផលជីវៈចម្រុះ ពីសហគមន៍ និងអង្គការដៃគូផងដែរ។

ការរៀបចំព្រឹត្តិការនេះ ឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់គឺស្អាត បៃតង និងចីរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជាឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner